ដោយ: គង់ លាងហួរ
អន្តរជាតិ: អត្រាការិយាល័យទំនេរនៅទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់២០,៥%នៅចុងឆ្នាំនេះ ដោយសារការកើនឡើងនៃការផ្គត់ផ្គង់អគារការិយាល័យថ្មី។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines។
លោក Kevin R. Jara អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers ប្រចាំនៅប្រទេសហ្វីលីពីនបានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅទីក្រុង Taguig ថា “យើងរំពឹងថា អត្រាការិយាល័យទំនេរនៅទីក្រុងម៉ានីលនឹងកើនឡើងដល់២០,៥ភាគរយនៅចុងឆ្នាំនេះ”។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Colliers បានបង្ហាញថា គិតត្រឹមដំណាច់ត្រីមាសទី៣ អត្រាការិយាល័យទំនេរនៅទីក្រុងម៉ានីលបានកើនឡើងដល់១៨,៦%បើធៀបនឹងអត្រា១៨,៣% ក្នុងត្រីមាសទី២ ដោយសារបណ្តាក្រុមហ៊ុនល្បែងសុីសងបរទេសបានបញ្ចប់កិច្ចសន្យាជួលការិយាល័យ ដែលពួកគេធ្លាប់ជួលដើម្បីប្រកបអាជីវកម្មពីមុន។







