វិភាគ: ឧបសគ្គធំៗចំនួន៣ កំពុងគំរាមកំហែងដល់ដំណើរការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សន្ទុះនៃសេដ្ឋកិច្ច​របស់ប្រទេសចិន​កំពុង​​បន្តធ្លាក់​ចុះ​ បើទោះ​បី​ជា​រដ្ឋាភិបាលចិនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី សុី ជីនពីង បានដាក់ចេញវិធានការ​ជំរុញ​សេដ្ឋកិច្ច​ជាច្រើននាពេលថ្មីៗ​នេះ​យ៉ាងណាក្តី។

វិធានការនានាជាច្រើន ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តន៍នាពេលកន្លងមក ហាក់មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្លាស់ប្ដូរនិន្នាការដាំក្បាលចុះនៃសេដ្ឋកិច្ចចិននោះទេ ខណៈទីក្រុងប៉េកាំងគ្រោងចាក់បញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតដើម្បីទប់ទល់នឹងវិបត្តិនេះ។

ខាងក្រោមនេះជាឧបសគ្គធំៗចំនួន៣ ដែលកំពុងគំរាមកំហែងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន៖

ទី១: ភាពមិនច្បាស់លាស់

បច្ចុប្បន្ន ប្រទេស​ចិន​កំពុង​តែប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​លើស​ពី​បញ្ហា​អចលនទ្រព្យ​ទៅ​ទៀត។ ទីផ្សារនៅតែមានភាពមិនប្រាកដប្រជា ទោះបីជាវិធានការជាច្រើនត្រូវបានប្រកាសដាក់ចេញជាបន្តបន្ទាប់ដូចជាការកាត់បន្ថយអត្រាការប្រាក់ និងការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះយ៉ាងណាក្តី។

តាមរយៈកិច្ចប្រជុំសភាប្រជាជនចិន ទីក្រុងប៉េកាំងមានគោលបំណងរៀបចំផែនការជំនួយសេដ្ឋកិច្ចក្នុងទ្រង់ទ្រាយធំថ្មីមួយ ដើម្បីស្តារកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនឱ្យស្ទុះងើបឡើងមកវិញ។

ក្រុមអ្នកវិភាគសង្ឃឹមថា ផែនការនេះនឹងរួមបញ្ចូលការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំ ជាពិសេសការបោះទុនវិនិយោគដើម្បីជួយដល់សហគមន៍មូលដ្ឋាន និងបណ្តាធនាគារ ដែលកំពុងជួបប្រទះនឹងបញ្ហាកំណើននៃប្រាក់កម្ចីមិនដំណើរការ(Non-performing loan)។

ទោះជាយ៉ាងណាក្តី បញ្ហាប្រឈមនៅតែបន្តកើតមានដូចជា ប្រជាជនចិនបន្តសន្សំប្រាក់ និងកាត់បន្ថយការចំណាយ ហើយបំណុលសាធារណៈនៅតែបន្តកើនឡើងជាលំដាប់។ ដូច្នេះ រដ្ឋាភិបាលចិនអាចនឹងបញ្ចេញកញ្ចប់ថវិកាបន្ថែមទៀត ដើម្បីជំរុញសន្ទុះនៃការចាយវាយរបស់ប្រជាជនចិន។ ប៉ុន្តែ ភាពមិនច្បាស់លាស់នៅតែមានកម្រិតខ្ពស់ ដោយសារប្រសិទ្ធភាពនៃការងើបឡើងវិញនេះ។

ទី២: វិបត្តិទីផ្សារអចលនទ្រព្យ

វិបត្តិ​អចលនទ្រព្យ​កំពុងបន្តជះផលអាក្រក់មក​លើ​សេដ្ឋកិច្ច​ចិន។ គិតចាប់តាំងពីទីក្រុងប៉េកាំងដាក់ចេញវិធានការរឹតបន្តឹងលក្ខខណ្ឌផ្តល់ឥណទានដល់អ្នកអភិវឌ្ឍន៍ក្នុងឆ្នាំ២០២០ គម្រោងការដ្ឋានសំណង់អចលនទ្រព្យជាច្រើននៅក្នុងប្រទេសចិនបានជាប់គាំង ដោយបានធ្វើឱ្យតម្លៃអចលនទ្រព្យដាំក្បាលចុះ។

ការ​ធ្លាក់​ចុះ​នេះ​បានធ្វើឱ្យប្រជាជនចិនមិនហ៊ានប្រថុយ​ដាក់ដើមទុន​វិនិយោគ​លើ​ទីផ្សារអចលនទ្រព្យ ខណៈ​តម្លៃ​លំនៅដ្ឋាន​នៅតែបន្ត​ប្រែប្រួលដោយគ្មានស្ថិរភាពនៅឡើយ។

ដើម្បីស្តារវិស័យដ៏សំខាន់នេះ ទីក្រុងប៉េកាំងបានប្រកាសអំពីផែនការបង្កើនការផ្តល់ឥណទានដល់អ្នកអភិវឌ្ឍន៍ឡើងវិញ ដើម្បីបញ្ចប់ការសាងសង់គម្រោងជាប់គាំង។ ទោះបីជាតម្លៃអចលនទ្រព្យកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញសន្សឹមៗយ៉ាងណាក្តី ក៏ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិននៅតែមានភាពផុយស្រួយ។

ទី៣: ឥទ្ធិពលនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក

ស្របពេលជាមួយគ្នានេះ លទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិកក៏ជះឥទ្ធិពលមកលើយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងផងដែរ។ ជ័យជម្នះ​របស់​លោកដូណាល់ត្រាំជាបញ្ហាចោទដ៏សំខាន់។ លោកត្រាំអាច​បង្កើន​ការដាក់សម្ពាធ​លើ​ប្រទេស​ចិន តាមរយៈ​ការ​​យក​ពន្ធ​ខ្ពស់​ទៅលើ​ការ​នាំ​ចូលទំនិញគ្រប់មុខទាំងអស់ពីចិន ដែលជាដៃគូប្រជែងដ៏មានសក្តានុពល។

នៅក្នុងបរិបទនេះ ក្រុមសេដ្ឋវិទូប៉ាន់ប្រមាណថា ប្រទេសចិនអាចនឹងត្រូវបង្ខំចិត្តពង្រឹងផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់ខ្លួនបន្ថែមទៀត ដើម្បីទប់ទល់នឹងការប៉ះទង្គិចខាងក្រៅដែលអាចកើតមាន ក្រោមសម្ពាធពីរដ្ឋបាលថ្មីរបស់លោកដូណាល់ត្រាំ៕ប្រភព: Cointribune៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here