ដោយ: គង់ លាងហួរ
អន្តរជាតិ: សណ្ឋាគារដ៏គួរឱ្យចាប់អារម្មណ៍មួយ ស្ថិតនៅក្នុងប្រទេសហ្វីលីពីន ត្រូវបានស្ថាប័ន Guinness World Records ទទួលស្គាល់ជាអគារ ដែលមានរូបរាងដូច “មេមាន់”ធំជាងគេបំផុតនៅទូទាំងពិភពលោក។
យោងតាមគេហទំព័រ Guinness World Records បានឱ្យដឹងថា សណ្ឋាគារនេះមានទទឹង១២ម៉ែត្រ បណ្តោយ២៨ម៉ែត្រ និងកម្ពស់៣៥ម៉ែត្រ ឬប្រហាក់ប្រហែលនឹងអគារចំនួន១៣ជាន់ ហើយជាន់នីមួយៗ មានកម្ពស់ប្រហែល២,៦ម៉ែត្រ។
-->
សណ្ឋាគារដ៏ចម្លែកនេះជាផ្នែកមួយ នៃរមណីយដ្ឋាន Campuestohan Highland ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងប្រទេសហ្វីលីពីន។ សណ្ឋាគារនេះមានបន្ទប់ម៉ាស៊ីន ត្រជាក់ចំនួន១៥ ដែលបំពាក់ដោយទូរទស្សន៍ និងគ្រែធំល្មម សម្រាប់ស្នាក់នៅជាលក្ខណៈគ្រួសារ ឬជាក្រុម។
រីឯ បន្ទប់សណ្ឋាគារមានតម្លៃស្នាក់នៅ ចាប់ពី៤.៥០០ប៉េសូ (ប្រមាណ៧៧ដុល្លារអាមេរិក) ក្នុងមួយយប់។ នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Vnexpress។
នៅពេលត្រូវបានសួរអំពីមូលហេតុ ដែលនាំឱ្យសណ្ឋាគារនេះត្រូវបានរចនារូបរាងឡើងដូចជា “សត្វមាន់” លោក Ricardo Tan ដែលជាអ្នកបំផុសគំនិត និងជាអ្នកជំនួញដ៏ល្បីមួយរូបនៅហ្វីលីពីន បានពន្យល់ថា “ការណ៍នេះឆ្លុះបញ្ចាំងពីឧស្សាហកម្មចិញ្ចឹមមាន់ជល់នៅក្នុងខេត្ត Negros Occidental “។
ការសាងសង់សណ្ឋាគារនេះ បានចាប់ផ្តើមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ហើយបានបញ្ចប់រួចរាល់ជាស្ថាពរ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំនេះ បើទោះបីជាមានការប្រឈមនឹងខ្យល់ព្យុះជាញឹកញាប់ នៅក្នុងតំបន់នេះយ៉ាងណាក្តី៕ប្រភព: Vnexpress៕
