ដោយ: គង់ លាងហួរ
បាងកក: ការកើនឡើងនៃភាពតានតឹង ផ្នែកនយោបាយនៅក្នុងប្រទេសថៃ កំពុងធ្វើឱ្យកក្រើកវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅលើកោះគុត (Koh kut) ដែលមានទីតាំងស្ថិតក្នុងខេត្តត្រាត ជាប់ព្រំទល់ជាមួយកម្ពុជា។
លោក Wichit Sugasuyanon ប្រធានសមាគមទេសចរណ៍ខេត្តត្រាត បានបង្ហាញក្តីបារម្ភថា “ទំនុកចិត្តភ្ញៀវទេសចរណ៍កំពុងធ្លាក់ចុះ នៅចំពោះមុខភាពចលាចលផ្នែកនយោបាយ។ អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារ លើកោះមួយនេះបានដាំក្បាលចុះប្រហែល៣០ភាគរយ”។
ក្រុមអ្នកជាតិនិយមថៃ និងក្រុមអ្នកនយោបាយមួយចំនួនកំពុងជំរុញឱ្យរដ្ឋាភិបាលថៃ លុបចោលអនុស្សរណៈយោគយល់គ្នា (MoU) ដែលប្រទេសថៃបានចុះហត្ថលេខា ជាមួយកម្ពុជាស្តីពីតំបន់ទាមទារត្រួតស៊ីគ្នា ដោយសំអាងថា MoU នេះអាចបណ្តាលឱ្យថៃបាត់បង់ផ្នែកខ្លះ នៃកោះគុតក្នុងខេត្តត្រាត។
បន្ទាប់ពីជួបប្រជុំជាមួយថ្នាក់ដឹកនាំ ក្នុងសម្ព័ន្ធរដ្ឋាភិបាលចម្រុះកាលពីពេលថ្មីៗកន្លងទៅ លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានបញ្ជាក់ថា ទាំងភាគីថៃ និងកម្ពុជាបានទទួលស្គាល់តំបន់ កោះគុតជាទឹកដីថៃ ក្រោមសន្ធិសញ្ញាបារាំង ហើយភាគីកម្ពុជាមិនបានទាមទារកោះនេះឡើយ។
នាយករដ្ឋមន្ត្រីថៃរូបនេះ បានកត់សម្គាល់ថា គណៈកម្មាធិការបច្ចេកទេសរួម(JTC) ត្រូវមានភារកិច្ចដោះស្រាយ ការពិភាក្សាអំពីបញ្ហាព្រំដែនសមុទ្រ។
លោកស្រី Paetongtarn Shinawatra បានមានប្រសាសន៍ឱ្យដឹងបន្តថា “កម្ពុជាមានគណៈកម្មាធិការមួយរួចទៅហើយ។ ប៉ុន្តែគណៈកម្មាធិការបច្ចេកទេសរួមរបស់ថៃ នឹងត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ”។ លោកស្រីបន្ថែមថា “ក្រោយពេលត្រូវបានបង្កើតឡើងរួចរាល់ គណៈកម្មាធិការនេះ នឹងធ្វើការសិក្សា និងកំណត់វិធីសាស្ត្រល្អបំផុតដើម្បីបន្តការចរចា”។
ជាមួយគ្នានេះ លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានអះអាងថា “អនុស្សរណៈយោគយល់គ្នា(MOU44) ដ៏ចម្រូងចម្រាសរវាងប្រទេសថៃ និងកម្ពុជា លើតំបន់ទាមទារត្រួតស៊ីគ្នា មិនអាចលុបចោលបានទេ ប្រសិនបើគ្មានការយល់ព្រមពីកម្ពុជា”។
ប្រទេសថៃ និងកម្ពុជាបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នានេះ ក្នុងឆ្នាំ២០០១ ស្ថិតក្រោមគំនិតផ្តួចផ្តើម ដែលដឹកនាំ ដោយអតីតរដ្ឋមន្ត្រីការបរទេសថៃ លោក Surakiart Sathirathai កាលពីជំនាន់រដ្ឋបាលរបស់លោក អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់។
លើសពីនេះ ក្រុមអ្នកជំនាញច្បាប់បរទេស រួមទាំងអតីតរដ្ឋមន្ត្រីការបរទេស របស់គណបក្សបក្សភឿថៃ លោក Noppadon Pattama បានអះអាងថា MOU44 នឹងមិនធ្វើឱ្យថៃបាត់បង់កោះគុត ឬទឹកដីផ្សេងទៀតឱ្យកម្ពុជាឡើយ៕ប្រភព: Thai PBS៕