ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនអចលនទ្រព្យ ដែលលក់ចេញមិនដាច់(Unsold property)នៅទូទាំងប្រទេសវៀតណាម បានកើនឡើងដល់ចំនួន២៥.៩០០យូនីត គិតត្រឹមចុងខែកញ្ញា កើនឡើង៥២ភាគរយធៀបនឹងរយៈពេល៣ខែមុន។
អចលនទ្រព្យទាំងនោះរួមមានដូចជា អាផាតម៉ិន ផ្ទះបុគ្គល(Individual house) និងដីឡូតិ៍។
យោងតាមរបាយការណ៍ថ្មី ចុងក្រោយបង្អស់របស់ក្រសួងសំណង់វៀតណាមបានឱ្យដឹងថា ចំនួនអចលនទ្រព្យដែលលក់មិនដាច់សរុបទាំងអស់ នៅទូទាំងប្រទេស ប្រមាណ៤៧ភាគរយជាផ្ទះ ហើយចំនួន៣៥ភាគរយជាដីឡូតិ៍ ខណៈចំនួនដែលនៅសេសសល់ផ្សេងទៀតជាអាផាតម៉ិន។
អចលនទ្រព្យទាំងនោះភាគច្រើន មានទីតាំងនៅតំបន់ជាយក្រុង ដែលពិបាកក្នុងការទាក់ទាញអ្នកទិញ ដោយសារតម្លៃខ្ពស់ ស្ថានភាពផ្លូវច្បាប់មិនច្បាស់លាស់ ឬទីតាំងមិនសូវអំណោយផលល្អ។
ស្របពេលជាមួយគ្នានេះ គម្រោងជាប់គាំងភាគច្រើនផ្សេងទៀតជាគម្រោងអាផាតម៉ិន នៅតាមបណ្តាទីក្រុងធំៗ និងស្ថិតនៅក្នុងគម្រោង ដែលមានកាលបរិច្ឆេទ បើកដំណើរការលក់មិនច្បាស់លាស់ ឬត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារបញ្ហាផ្លូវច្បាប់។
យ៉ាងណាមិញ ក្រសួងសំណង់វៀតណាម បានជំរុញឱ្យក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ បញ្ចុះតម្លៃអចលនទ្រព្យរបស់ពួកគេ ដើម្បីកាត់បន្ថយចំនួនអចលនទ្រព្យ ដែលលក់ចេញមិនដាច់(Unsold property)។
លោក Le Hoang Chau ប្រធានសមាគមអចលនទ្រព្យក្នុងទីក្រុងហូជីមិញ បានអះអាងថា ការកើនឡើងនៃចំនួនអចលនទ្រព្យដែលលក់មិនដាច់ បានក្លាយជាបន្ទុកបំណុលដ៏ធ្ងន់ធ្ងរដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានធនធានហិរញ្ញវត្ថុតិច ឬបំណុលច្រើន។
លោកបានបន្តថា ប្រសិនបើគ្មានប្រាក់ចំណូល ចំនួនអចលនទ្រព្យដែលលក់មិនដាច់ នឹងបំផ្លាញសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងនេះ។
លោកលើកឡើងថា “ដើម្បីសម្រាលសម្ពាធនេះ អ្នកអភិវឌ្ឍន៍ ត្រូវតែធ្វើការកែសម្រួលបន្ថយតម្លៃ”។ លោកក៏បានអំពាវនាវដល់ធនាគារនានា ឱ្យផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប និងចេះបត់បែន គោលនយោបាយប្រាក់កម្ចីទិញផ្ទះផងដែរ។
លើសពីនេះ លោកបានបន្ថែមថា អាជ្ញាធរគួរតែធ្វើការដោះស្រាយឧបសគ្គផ្លូវច្បាប់ ដើម្បីជួយដល់ក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យ ក្នុងការកាត់បន្ថយចំនួនអចលនទ្រព្យ ដែលលក់ មិនដាច់៕ប្រភព: Vnexpress៕