សញ្ញាវិជ្ជមាន: អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសចិនកំពុងសម្រុកខ្ចីប្រាក់បន្ថែមទៀតដើម្បីបង្កើនដើមទុន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ របស់ប្រទេសចិន កំពុងសម្រុកខ្ចីប្រាក់បន្ថែមទៀត ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ បន្ទាប់ពីទទួលបានភ្លើងខៀវពីអាជ្ញាធរហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ធនាគារកណ្តាលចិន(PBOC) បានបើកទ្វារផ្តល់មូលនិធិរាប់ពាន់លានដុល្លារអាមេរិក។ នេះជាសញ្ញាវិជ្ជមានមួយផ្សេងទៀត ដែលអាចនាំឱ្យទំនុកចិត្ត ចំពោះឧស្សាហកម្មអចលនទ្រព្យចិន មានសន្ទុះខ្លាំងក្លាឡើងវិញ។

ការបោះផ្សាយលក់មូលបត្របំណុល ​នៅក្នុងវិស័យអចល​នទ្រព្យចិន បានកើនឡើង៣,២% ក្នុងខែតុលាធៀបនឹងឆ្នាំមុនដល់ទំហំទឹកប្រាក់ចំនួន២៩ពាន់លានយន់ (ប្រមាណ៣,៩២ពាន់លានដុល្លារ)។ នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយវិទ្យាស្ថាន China Index Academy ។

​លោក Yan Yuejin អនុប្រធាននៃវិទ្យាស្ថានស្រាវជ្រាវអច​លនទ្រព្យ E-House China ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានអះអាងថា “បរិយាកាសគោលនយោបាយ អំណោយផល បានជះឥទ្ធិពលជាវិជ្ជមាន ដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់អ្នកអភិវឌ្ឍន៍ជារួម”។

លោកបន្ថែមថា“ការប្រកាសដាក់ចេញវិធានការសំខាន់ៗនៅឆ្នាំនេះ រួមទាំងការកាត់បន្ថយអត្រាសាច់ប្រាក់ តំកល់ជាកំហិតនៅតាមធនាគារចិន និងការលើកទឹកចិត្តឱ្យធនាគារនា​នាគាំទ្រអ្នកអភិវឌ្ឍន៍ បានផ្តល់អត្ថប្រយោជន៍ដល់ប្រភពហិរញ្ញប្បទានសាជីវកម្មបានមួយកម្រិត”។

ទិន្នន័យចុងក្រោយបំផុតនេះ ត្រូវបានចេញផ្សាយ បន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសដាក់ចេញវិធានការ ជំរុញជាបន្តបន្ទាប់ចាប់តាំងពីចុងខែកញ្ញា ដើម្បីជួយសង្គ្រោះវិស័យអច​ល​នទ្រព្យ និងជំរុញទំនុកចិត្តវិនិយោគិនឱ្យមានសន្ទុះឡើងវិញ។

គោលនយោបាយលើកទឹកចិត្តទាំងនេះ រួមមាន ការកាត់បន្ថយការបង់ប្រាក់កក់ ការទាញទម្លាក់អត្រាការប្រាក់លើកម្ចីទិញផ្ទះ ក៏ដូចជា ការបង្កើនការចាក់បញ្ចូលមូលនិធិ ទៅកាន់គម្រោងជាប់គាំ ងរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាប់ក្នុងបញ្ជីស(White list)របស់រដ្ឋាភិបាលចិន៕ប្រភព: SCMP៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here