ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យបដិសណ្ឋារកិច្ចផ្នែកសណ្ឋាគារ នៅលើកោះបាលី ដែលជារមណីយដ្ឋានដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេស៊ី បានហក់ឡើងខ្ពស់ដោយសាររដូវវិស្សមកាលទាំងក្នុង និងក្រៅប្រទេស ក៏ដូចជា ការរៀបចំព្រឹត្តិការណ៍ខ្នាតធំជាច្រើននៅលើកោះនេះ។
សន្និសីទអន្តរជាតិធំៗមួយចំនួន ដូចជា សមាជគណបក្ស National Awakening Party និងព្រឹត្តិការណ៍កីឡាខ្នាតធំ ដូចជាការប្រកួតរត់ម៉ារ៉ាតុង Maybank Marathon Bali ឆ្នាំ២០២៤ និងការប្រណាំងម៉ូតូ Mandalika MotoGP បាននាំមកនូវភាពរស់រវើកបន្ថែមទៀតដល់កោះបាលី និងជំរុញឱ្យការស្នាក់នៅសណ្ឋាគារមានការកើនឡើង។
-->
គិតរហូតមកទល់ត្រីមាសទី៣ ឆ្នាំ២០២៤ ការផ្គត់ផ្គង់បន្ទប់សណ្ឋាគារ នៅកោះបាលីមានសរុប ចំនួន៥៨.១៣៩បន្ទប់ ក្នុងនោះរួមមានបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៣ ចំនួន១៣.៨៦១បន្ទប់ ខណៈបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៤ មានចំនួន២៤.៧៤៦បន្ទប់។ ចំណែក ការផ្គត់ផ្គង់សណ្ឋាគារលំដាប់ផ្កាយ៥ មានចំនួន១៩.៥៣២បន្ទប់។
ជាមួយគ្នានេះ ការផ្គត់ផ្គង់សណ្ឋាគារនៅកោះបាលី ត្រូវបានព្យាករណ៍ថា នឹងបន្តមានការកើនឡើង ដោយក្នុងនោះ សណ្ឋាគារថ្មី យ៉ាងតិចចំនួន១.១៧៨បន្ទប់ នឹងត្រូវបានចាក់បញ្ចូលទៅក្នុងទីផ្សារនៅឆ្នាំ២០២៧ខាងមុខ។
នៅក្នុងដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារ ទូទាំងកោះបាលីជាមធ្យមបានកើនឡើង៥ភាគរយ ធៀបនឹងត្រីមាសទី២ ដល់ចំនួន៨០,១ភាគរយ។ នេះបើយោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។
ចំណែក តម្លៃបន្ទប់សណ្ឋាគារជាមធ្យម នៅទូទាំងកោះដ៏ពិសិដ្ឋនេះ បានកើនឡើង២២,៥ភាគរយ ធៀបនឹងត្រីមាសទី២ដល់ចំនួន១៧២,២ដុល្លារអាមេរិកក្នុងមួយបន្ទប់។
គិតត្រឹមខែសីហា ឆ្នាំ២០២៤ ភ្ញៀវទេសចរណ៍បរទេសមកកំសាន្តនៅកោះបាលី បានកើនឡើងដល់ចំនួន៤.១៩៧.៨១៤នាក់ កើនឡើង២២,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕ប្រភព: Colliers៕
