ទីផ្សារលំនៅដ្ឋាននៅសហរដ្ឋអាមេរិកបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញក្នុងត្រីមាសទី៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិកកំពុងបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញ ស្របពេលដែលអត្រាចំនួនអាផាតមុិនដែលគេទុកទំនេរចោលបានធ្លាក់ចុះនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។

ក្នុងពេលជាមួយគ្នានេះ តម្រូវការពីអ្នកជួលអាផាតមុិនបានកើនឡើងលើសកំណត់ត្រានៃការផ្គត់ផ្គង់ថ្មី។នេះបើយោងតាមការស្រាវជ្រាវថ្មីចុងក្រោយរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

អត្រាអាផាតមុិនទំនេរជាមធ្យមនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ០,២ភាគរយ បើធៀបនឹងត្រីមាសទី២មកនៅត្រឹម៥,៣%នៅត្រីមាសទី៣ ដែលការណ៍នេះបានឆ្លុះបញ្ចាំងពីការថយចុះនៃការផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការរបស់អ្នកជួល។

កត្តាទាំងនេះត្រូវបានគេរំពឹងថា នឹងជំរុញឱ្យអត្រាអាផាតមុិនទំនេរនៅសហរដ្ឋអាមេរិកបន្តធ្លាក់ចុះមកនៅត្រឹមកម្រិតជាមធ្យមក្នុងរយៈពេលវែងរបស់ខ្លួនចំនួន៥ភាគរយ នារយៈពេលប៉ុន្មានត្រីមាសខាងមុខនេះ។

តម្លៃជួលអាផាតមុិនប្រចាំខែជាមធ្យមក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ បានកើនឡើង០,៣%ដល់ចំនួន២.២០៣ដុល្លារធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ តម្លៃជួលត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ស្របពេលដែលការបញ្ចប់គម្រោងសាងសង់មានភាពយឺតយ៉ាវ ហើយតម្រូវការនៅតែមានសញ្ញាវិជ្ជមាន។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា អាផាតមុិនថ្មីសរុបចំនួន៤៧៣.៣០០យូនីតត្រូវបានចាក់បញ្ចូលទីផ្សារក្នុងរយៈពេលចំនួន៤ត្រីមាសកន្លងមក(រាប់ចាប់ពីត្រីមាសទី៤ ឆ្នាំមុនដល់ត្រីមាសទី៣ ឆ្នាំនេះ)។

ទោះជាយ៉ាងណាក្ដី ការចាប់ផ្តើមសាងសង់គម្រោងអាផាតមុិនថ្មីៗបានថយចុះគួរឱ្យកត់សម្គាល់ ដែលនឹងជួយបន្ធូរបន្ថយសម្ពាធនៃការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕ប្រភព: CBRE៕

LEAVE A REPLY

Please enter your comment!
Please enter your name here