ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលក្រុងតូក្យូនៃប្រទេសជប៉ុនបានប្រកាសផែនការសាងសង់ប្រភពទឹកបាញ់ឡើងលើខ្ពស់បំផុតមួយរបស់ពិភពលោក និងបានបង្ហើបឱ្យដឹងពីទំហំទុនវិនិយោគសម្រាប់ស្ថាបនាគម្រោង។ នេះបើយោងតាមគេហទំព័រសារពត៌មាន Tokyo Weekender។
ជាក់ស្តែង បើយោងតាមរដ្ឋបាលក្រុងតូក្យូ ការិយាល័យទទួលបន្ទុកលើគម្រោងនេះបានដាក់សំណើកញ្ចប់ថវិកាចំនួន២,៦២ពាន់លានយ៉េន(ប្រហែល១៧,០៥លានដុល្លារអាមេរិក)សម្រាប់គម្រោងសួនបាញ់ទឹក“Odaiba Fountain”ក្នុងទីក្រុងតូក្យូ។
គម្រោងសាងសង់ប្រភពទឹកបាញ់ឡើងទៅលើអាកាសដ៏គួរឱ្យទាក់ទាញនេះមានកម្ពស់ប្រវែង១៥០ម៉ែត្រ និងមានទទឹងចំនួន២៥០ម៉ែត្រ ដែលមានទីតាំងនៅឧទ្យាន Odaiba Marine Park ដ៏ល្បីល្បាញបំផុតមួយក្នុងទីក្រុងតូក្យូ។
បច្ចុប្បន្ននេះ សួន King Fahd’s Fountain នៅទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រភពទឹកបាញ់ឡើងលើខ្ពស់ជាងគេបំផុតទូទាំងពិភពលោក ដែលអាចបាញ់ឡើងដល់កម្ពស់ប្រមាណ៣១២ម៉ែត្រ។
រីឯ ចំណាត់ថ្នាក់ជាប្រភពទឹកបាញ់ឡើងលើខ្ពស់ជាងគេទី២នៅលើពិភពលោកបានទៅលើសួន Seoul World Cup នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលអាចបាញ់ឡើងដល់កម្ពស់ចំនួន២០២ម៉ែត្រ។
ដើមឡើយ លោកស្រី Yuriko Koike អភិបាលក្រុងតូក្យូបានប្រកាសបង្ហើបអំពីគម្រោងនេះនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ទោះបីជាទំហំទាំងមូលនៃការចំណាយមិនត្រូវបានបង្ហាញឱ្យដឹងភ្លាមៗនាពេលនោះយ៉ាងណាក្តី។ សួនទឹកនេះត្រូវបានគេរំពឹងថា នឹងបើកដាក់ឱ្យដំណើរការជាសាធារណៈនៅខែមីនា ឆ្នាំ២០២៦។
រដ្ឋបាលក្រុងតូក្យូបានប៉ាន់ប្រមាណថា សួនបាញ់ទឹក Odaiba Fountain នឹងទាក់ទាញអ្នកទស្សនាបានចំនួនជាង២,៥លាននាក់ក្នុងមួយឆ្នាំៗ និងទាញបានប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោលចំនួន៩,៨ពាន់លានយ៉េន(ប្រហែល៦៣,៧២លានដុល្លារ)៕ប្រភព: Tokyo Weekender៕