ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានសម្រេចលើកលែងតម្រូវការស្នើសុំទិដ្ឋាការសម្រាប់ពលរដ្ឋបរទេសមកពីបណ្តាប្រទេសសមាជិកអាស៊ានចំនួន៨ប្រទេស សំដៅជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់វប្បធម៌របស់ខ្លួន។
បណ្តាប្រទេសទាំងនោះរួមមានទាំង ប្រទេសកម្ពុជា ប្រ៊ុយណេ សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងប្រទេសវៀតណាម។ការសម្រេចលើកលែងទិដ្ឋាការនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងស្រុក។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមានបំណងអនុញ្ញាតឱ្យអ្នកធ្វើដំណើរមានឱកាសបានសិក្សាស្វែងយល់ពីវប្បធម៌ ទីតាំងប្រវត្តិសាស្ត្រ និងទេសភាពនៅមីយ៉ាន់ម៉ាបានយ៉ាងងាយស្រួល។ អ្នកទស្សនាត្រូវការតែលិខិតឆ្លងដែន ដែលមានសុពលភាពយ៉ាងតិចចំនួន៦ខែប៉ុណ្ណោះ។
តាមរយៈគម្រោងលើកលែងទិដ្ឋាការនេះ ពលរដ្ឋនៃប្រទេសសិង្ហបុរី និងប្រទេសវៀតណាមអាចចូលទៅទស្សនាប្រទេសមីយ៉ាន់ម៉ាចំនួន៣០ថ្ងៃ មិនថាក្នុងគោលបំណងទេសចរណ៍ ឬអាជីវកម្ម។ អ្នកដំណើរសិង្ហបុរីអាចចូលនិងចេញពីប្រទេសមីយ៉ាន់ម៉ាតាមរយៈច្រកណាមួយក៏បានមិនថា ច្រកតាមផ្លូវគោក ផ្លូវអាកាស ឬផ្លូវសមុទ្រ។
ចំណែក ភ្ញៀវទេសចរណ៍មកពីប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងថៃ អាចចូលទៅទស្សនាប្រទេសមីយ៉ាន់ម៉ាចំនួន១៤ថ្ងៃ ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ។ ប៉ុន្តែ ពួកគេត្រូវតែធ្វើដំណើរចូលមកកាន់មីយ៉ាន់ម៉ា តាមរយៈច្រកចូលដែលបានកំណត់ជាក់លាក់ រួមមានអាកាសយានដ្ឋានអន្តរជាតិក្រុង Yangon អាកាសយានដ្ឋានក្រុងណៃពិដោ ឬអាកាសយានដ្ឋានអន្តរជាតិក្រុង Mandalay។
ចំនួនភ្ញៀវទេសចរណ៍បរទេសចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ាបានកើនឡើងប្រមាណ៧៨ភាគរយ កាលពីឆ្នាំ២០២២បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ជាពិសេសលំហូរនៃអ្នកដំណើរមកពីបណ្តាប្រទេសជិតខាង។
ប្រទេសចិនជាប្រភពភ្ញៀវទេសចរណ៍អន្តរជាតិធំបំផុតទី១របស់ប្រទេសមីយ៉ាន់ម៉ា ដែលមានជនជាតិចិនចំនួន៧៤៩.៧១៩នាក់ក្នុងឆ្នាំ២០១៩ តាមពីក្រោយដោយភ្ញៀវទេសចរណ៍ចំនួន២៧៣.១៥៧នាក់មកពីប្រទេសថៃ៕ប្រភព: Travel And Tour World៕