ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានអះអាងថា ការជាប់ឆ្នោតជាថ្មីរបស់លោកដូ ណាល់ត្រាំ ជាប្រធានាធិបតីអាមេរិកទី៤៧ នាំមកនូវទាំងដំណឹងអាក្រក់ និងដំណឹងល្អសម្រាប់បណ្តាអ្នកវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យអាមេរិកមកពីទូទាំងពិភពលោក។
លោក Liam Bailey អ្នកជំនាញអចលនទ្រព្យនៅក្រុមហ៊ុន Knight Frank បានលើកឡើងថា “ការកាត់បន្ថយពន្ធរបស់លោក ត្រាំចំពោះក្រុមអ្នកមាន និងការប្រកាសដំឡើងពន្ធគយលើគ្រប់មុខទំនិញនាំចូលពីបរទេស នឹងធ្វើឱ្យអត្រាអតិផរណាកើនឡើង។ កត្តានេះអាចនឹងធ្វើឱ្យធនាគារកណ្តាលអាមេរិករក្សាទុកអត្រាការប្រាក់របស់ខ្លួនក្នុងកម្រិតខ្ពស់រយៈពេលវែង”។
លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា ការណ៍នេះអាចនាំឱ្យតម្លៃអចលនទ្រព្យកើនឡើងកាន់តែខ្ពស់ ដែលជាដំណឹងល្អសម្រាប់ម្ចាស់ផ្ទះបច្ចុប្បន្ន។ ប៉ុន្តែ នេះជាដំណឹងអាក្រក់ទៅវិញសម្រាប់អ្នកចង់ទិញផ្ទះនាពេលអនាគត។
យ៉ាងណាមិញ លោក Bailey បានគូសបញ្ជាក់ថា “រឿងនេះទំនងជាមិនមានភាពខុសគ្នាខ្លាំងនោះទេ ព្រោះលោកប្រធានាធិបតីបច្ចុប្បន្ន ចូ បៃដិន បានបន្តអនុវត្តន៍គោលនយោបាយភាគច្រើនរបស់លោក ត្រាំ ទាក់ទងនឹងច្បាប់វិនិយោគក្នុងស្រុក។ ដូច្នេះ លោក ត្រាំ ហាក់មិនត្រូវការរឹតបន្តឹងបន្ថែមទៀតនោះទេ”។
ក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នាកន្លងមកនេះ ជនជាតិចិនជាអតិថិជនបរទេសដែលបានទិញលំនៅដ្ឋានច្រើនបំផុតនៅសហរដ្ឋអាមេរិក។
ជនជាតិចិន(រាប់ទាំងចិនដីគោក ចិនហុងកុង និងចិនតៃវ៉ាន់) បានបោះទុនសរុបចំនួន៩,៥ពាន់លានដុល្លារដើម្បីទិញផ្ទះចំនួន៦.០០០យូនីតនៅសហរដ្ឋអាមេរិកក្នុងរយៈពេល១២ខែគិតត្រឹមខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យពីសមាគមជាតិនៃអ្នកអចលនទ្រព្យ (NAR)។
លោក Bailey បានបន្តទៀតថា “រដ្ឋបាលរបស់លោក ត្រាំ នឹងធ្វើឱ្យឱនភាពថវិកាជាតិរបស់អាមេរិកកើនឡើងខ្ពស់ ស្របពេលដែលលោកគ្រោងបង្កើនការចំណាយ និងកាត់បន្ថយពន្ធ ហើយការដាក់ពន្ធគយក៏អាចជំរុញអត្រាអតិផរណាឱ្យកម្រើកឡើងវិញផងដែរ”។
លោកបន្ថែមថា បញ្ហានេះនឹងពន្យារពេលការស្ទុះងើបឡើងវិញនៃទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក ខណៈដែលអត្រាការប្រាក់លើកម្ចីទិញផ្ទះនៅតែបន្តកើនឡើង។
លោក Patrick Yip អនុប្រធាន និងជាដៃគូអន្តរជាតិនៅក្រុមហ៊ុន Deloitte China បានលើកឡើងថា ការវិនិយោគលើអចលនទ្រព្យ និងភាគហ៊ុននៅតែមានភាពទាក់ទាញសម្រាប់បុគ្គលទូទៅ និងគ្រួសារជនជាតិចិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
លោក Yip បានបន្តថា “ខ្ញុំគិតថា មនុស្សមួយចំនួនប្រហែលជាជឿថា នេះជាពេលវេលាដ៏ល្អក្នុងការវិនិយោគនៅសហរដ្ឋអាមេរិក ទាំងផ្នែកអចលនទ្រព្យ ភាគហ៊ុន និងមូលបត្រ ដោយសារអត្រាពន្ធអាចបន្តមានកម្រិតទាប ហើយតម្លៃអចលនទ្រព្យអាចនឹងកើនឡើង”។
លោកបន្ថែមថា ជនបរទេសជាច្រើនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបង្កើតបរិយាកាសវិនិយោគមួយដ៏ទាក់ទាញជាងនេះ។
ម្យា៉ងទៀត ទោះបីជាលោក ត្រាំ បានប្តេជ្ញាថា លោកនឹងដំឡើងពន្ធលើការនាំចូលទំនិញគ្រប់ប្រភេទមកកាន់សហរដ្ឋអាមេរិកយ៉ាងណាក្តី លោក Yip ជឿជាក់ថា “ពុំមានសូចនាករណាមួយដែលចង្អុលបង្ហាញថា អ្នកទិញអចលនទ្រព្យ មិនថា ពួកគេមកពីបរទេសឬក្នុងស្រុក នឹងត្រូវបង់ពន្ធខុសគ្នានោះទេ”៕ប្រភព: SCMP៕