ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Country Garden Group អះអាងថា ទីក្រុង Forest City ស្ថិតក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេសុីកំពុងផុសត្រដែតឡើងជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម និងអ្នកវិនិយោគ ដែលគាំទ្រដោយការតភ្ជាប់ផ្លូវអាកាស និងសមុទ្រដ៏អស្ចារ្យ។
ក្រុមហ៊ុនបន្តថា ទីក្រុងនេះមានសក្ដានុពលក្នុងការប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលដ៏សំខាន់ ដោយច្របាច់រួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើមផ្នែកហិរញ្ញវត្ថុ លំនៅដ្ឋាន និងបរិស្ថាន ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងអនាគតរបស់តំបន់អាស៊ាន។
លោក Kevin Li ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Country Garden ប្រចាំនៅប្រទេសម៉ាឡេសុី និងសិង្ហបុរីបានលើកឡើងថា “ចំណុចស្នូលក្នុងការអភិវឌ្ឍន៍ទីក្រុង Forest City ជាចក្ខុវិស័យដ៏មានមហិច្ឆតាក្នុងការប្រែក្លាយដែនដីកោះក្នុងរដ្ឋ Johor ទៅជាមជ្ឈមណ្ឌលពហុគោលបំណង ដូចជាកោះអេកូ កោះសុវត្ថិភាព កោះហិរញ្ញវត្ថុ កោះឆ្លាតវៃ និងកោះដែលមិនមានកាតព្វកិច្ចបង់ពន្ធ”។
លើសពីនេះ លោក Li បានច្រានចោលការលើកឡើងដែលចាត់ទុកថា ទីក្រុង Forest City ជា “ទីក្រុងខ្មោច” ដោយលោកបានសំអាងថា បច្ចុប្បន្ន ទីក្រុងនេះកំពុងមានមនុស្សរស់នៅជាង១០.០០០នាក់។
លោកបានបន្ថែមថា “នៅឆ្នាំ២០២៣ ទីក្រុងរបស់យើងបានស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួនជាង៤លាននាក់ចូលមកទស្សនា”។
លោក Li បានគូសបញ្ជាក់ថា “ការប្រែក្លាយទីក្រុង Forest City ទៅជាតំបន់ហិរញ្ញវត្ថុពិសេស(SFZ) និងជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចពិសេសរវាងរដ្ឋ Johor និងប្រទេសសិង្ហបុរី បានផ្តល់នូវបរិយាកាសសមស្របសម្រាប់សេវាកម្មហិរញ្ញវត្ថុ។
លោកបានមានប្រសាសន៍ឱ្យដឹងថា “តំបន់នេះផ្តោតលើការទាក់ទាញស្ថាប័នហិរញ្ញវត្ថុ ការិយាល័យគ្រួសារ និងអ្នកវិនិយោគ ដោយរួមមានការលើកទឹកចិត្តដ៏ទាក់ទាញដូចជាការលើកលែងពន្ធចំនួន២០ឆ្នាំ និងការបន្ធូរបន្ថយក្របខ័ណ្ឌបទប្បញ្ញត្តិច្បាប់ផ្សេងៗ”។
លោកបានកត់សម្គាល់ថា ស្ថាប័នហិរញ្ញវត្ថុបរទេសអាចបង្កើតសាខាក្នុងទីក្រុង Forest City ព្រោះភាពងាយស្រួលក្នុងការទទួលបានអាជ្ញាប័ណ្ណ ខណៈក្រុមអ្នកវិនិយោគអាចទទួលបានអត្ថប្រយោជន៍ពីការលើកទឹកចិត្តនានាដូចជា ការលើកលែងពន្ធសាជីវកម្ម ការកាត់បន្ថយថ្លៃផ្លាស់ប្តូរទីតាំង និងអត្ថប្រយោជន៍ផ្សេងទៀត។
លោកបានបន្ថែមថា “ចំពោះនៅពេលអនាគត ទីក្រុង Forest City នឹងត្រូវបានពង្រីកកាន់តែធំបន្ថែមទៀតតាមរយៈគម្រោងចាក់ដីបំពេញទៅក្នុងសមុទ្រ និងការបង្កើតមជ្ឈមណ្ឌលសេវាកម្មច្រកចេញចូលតែមួយសម្រាប់បណ្តាអ្នកវិនិយោគ”៕ប្រភព:Bernama៕