តម្លៃផ្ទះលក់ចេញបន្តនៅប្រទេសសិង្ហបុរីបានស្ថិតក្នុងសភាពទ្រឹងនៅត្រីមាសទី៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះលក់ចេញបន្ត(Resale)នៅប្រទេសសិង្ហបុរីបានស្ថិតនៅទ្រឹងក្នុងត្រីមាសទី៣ ឆ្នាំនេះ ទោះបីជាគោលនយោបាយអត្រាការប្រាក់នៅសិង្ហបុរីនៅតែមានកម្រិតខ្ពស់យ៉ាងណាក្តី។នេះបើយោងតាមក្រុមហ៊ុន OrangeTee Research & Analytics។

ដោយឡែក យោងតាមរបាយការណ៍របស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) បានបង្ហាញថា តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅទូទាំងទីក្រុងសិង្ហបុរីទាំងមូលបានស្ថិតនៅទ្រឹងចំនួន១.៧១៣ដុល្លារសិង្ហបុរី(ប្រហែល១.២៨១ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េចាប់ពីត្រីមាសទី២ ដល់ត្រីមាសទី៣។

ទោះជាយ៉ាងណាក្តី តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់ក្បែរក្រុង (CCR) តំបន់កណ្តាលក្រុង (RCR) និងតំបន់ជាយក្រុង (OCR) បានសង្កេតឃើញមានការប្រែប្រួលមួយចំនួន។

តួយ៉ាង តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់ក្បែរក្រុងបានកើនឡើង១,៦ភាគរយធៀបនឹងត្រីមាសទី២ដល់ចំនួន២.១៨១ដុល្លារសិង្ហបុរី (ប្រហែល១.៦៣១ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

ស្របពេលជាមួយគ្នានេះ តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់កណ្តាលក្រុងបានកើនឡើង១,៤ភាគរយធៀបនឹងត្រីមាសទី២ដល់ចំនួន១.៨៦៣ដុល្លារសិង្ហបុរី (ប្រហែល១.៣៩៣ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។

ផ្ទុយទៅវិញ តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់ជាយក្រុងបានធ្លាក់ចុះ០,៤ភាគរយធៀបនឹងត្រីមាសទី២ដល់ចំនួន១.៤៨៩ដុល្លារសិង្ហបុរី (ប្រហែល១.១១៣ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។

យោងតាមអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) បានឱ្យដឹងទៀតថា ផ្ទះលក់ចេញបន្តចំនួន៣.៨៦០យូនីត ត្រូវបានលក់ដាច់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ កើនឡើង១,៥%បើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំតែមួយ។

ចំណែក ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ផ្ទះលក់ចេញបន្តសរុបចំនួន១០.៣៥១យូនីតត្រូវបានលក់ដាច់។តួលេខនេះមានការកើនឡើងប្រមាណ២១,៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here