វិភាគៈ តម្លៃសន្តិភាព ស្នាមញញឹមជាមួយនឹងការមកដល់នៃព្រះរាជពិធីបុណ្យធំជាងគេនៅរាជធានី

0

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

       ភ្នំពេញៈ សម្លេងច្រវ៉ាច្រាវៗ កាត់ទឹករលកនៅចំណុចចាប់ផ្តើមនៃដងទន្លេរសាប កីឡាករទូក “ង” រាប់ពាន់នាក់បង្ហាញបានបន្លឺសម្លេងហ៊ោរកញ្ចៀវ ពីជ័យជម្នះរបស់ពួកគេចេញពីការប្រណាំងទូកឈ្នះ ក្នុងន័យមិត្តភាព ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ ក្រោមជំនោរត្រជាក់នារដូវរំហើយ។

ព្រះរាជពិធីដ៏ធំប្រចាំឆ្នាំនេះ ជាការជួបជុំកីឡាករ កីឡាការិនីរាប់ពាន់នាក់ ជាវេលាដែលពួកគេបង្ហាញពីមោទនភាព “ទូកង” ប្រពៃណីរបស់ពួកគេ ក្នុងទិវាដ៏មានអត្ថន័យ ដែលជាការរំលឹ​កដល់អតីតកាលដ៏រ៉ុងរឿង។

        សម្លេងហ៊ោរកញ្ចៀវកងរំពង ពីអ្នកអង្គុយទស្សនា កំពុងបន្លឺចេញពីដងច្រាំងទន្លេរដ៏ត្រកាល អមជាមួយនឹងហ្វូងសត្វព្រាបរាប់ម៉ឺនក្បាល កំពុងហិកហើរអបអរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប ដែលមានទូកអុំ និងទូកចែវជិត៤០០គ្រឿងបានរំលេចខ្លួន និងបង្អួតសោភ័ណភាពគ្នាពេញផ្ទៃទន្លេរ ជាពិធីធំជាងគេប្រចាំឆ្នាំ​នៅរាជធានីភ្នំពេញ។

        រាជធានីនេះ បានប្រតិស្ថានជាង៥០០ឆ្នាំមកហើយ នៅចំណុចនៃប្រជុំទន្លេរចតុមុខ ជាទីដែលមនុស្សម្នាក់មកពីជុំវិញប្រទេស បានមកជួបជុំគ្នាដើរកំសាន្ត មកអុំទូកពេលថ្ងៃ ទស្សនាតូរតន្រ្តីនាពេលរាត្រី និងដើរទិញទំនិញតាមស្តង់ របស់ក្រុមហ៊ុនជាតិ អន្តរជាតិរាប់ពាន់ ដែលដាក់បង្ហាញផលិតផលរបស់ពួកគេ នៅតាមទីកន្លែងប្រជុំតន្រ្តីនានា។

ម្លប់សន្តិភាព និងស្នាមញញឹម

       ប្រជាជាតិដែលរងភាពខ្ទេចខ្ទាំ អស់រយៈពេលជាង៥០០ឆ្នាំមកនេះ បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ឡើងវិញហើយ។ ស្នាមញញឹមដ៏ស្រទន់ជាមួយកែវភ្នែក បានលេចឡើងនៅផ្ទៃមុខខេមរៈជន ដែលបានស្លោកស្រពោន កាលពីច្រើនទស​វត្សរ៍កន្លងមកនេះ។

        ទោះរយៈពេលប្រមាណ៥ឆ្នាំនេះ ប្រជាជាតិនេះបានរងផលប៉ះពាល់ផ្លូវចិត្ត ដោយសារវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺដ៏មហន្តរាយ និងសង្រ្គាមក្តី ក៏ឆន្ទៈស្នេហាជាតិ ឆន្ទៈឆ្ពោះទៅកាន់អនាគតដ៏ត្រកាលមួយ ពួកគេនៅតែឆ្ពោះទៅមុខឥតរុញរា ជាមួយមគ្គុទេសក៏ឆ្នើមមហាបុរសខ្លាំងកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេច​មហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចទាំងទ្វេរ រួមទាំងថ្នាក់ដឹកនាំដទៃទៀត កំពុងនាំខេមរៈជន ឆ្ពោះទៅកាន់វិបុលភាពជាងមុន ដោយនាំប្រទេស ឆ្ពោះទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យ​មកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់​នៅឆ្នាំ២០៥០។

ការមកដល់សករាជមាស

       សករាជមាស កំពុងក្រាលគ្របពេញផ្ទៃប្រទេស មនុញ្ញផលនៃការរីកចម្រើនសេដ្ឋកិច្ច សង្គម កម្ពុជារយៈពេល២៦ឆ្នាំ ចាប់តាំងពីកម្ពុជា ទទួលបាននូវសុខសន្តិភាព ពេញលេញលើផ្ទៃប្រទេសនេះ មេដឹកនាំប្រទេសនេះ បានបន្តជំហ៊ានយ៉ាងស្វាហាប់ ដោយបានដាក់ចេញនូវផែនការយុទ្ឋសាស្រ្ត គោលនយោបាយ តាមរយៈចក្ខុវិស័យដ៏ច្បាស់លាស់ បានធ្វើឲ្យប្រ​ទេសនេះ ក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយ ដែលប្រសិទ្ឋនាមដោយធនាគារអភិវឌ្ឍន៍អាស៊ី​កាលពីឆ្នាំ២០១៦ (Cambodia New Tiger in Asia) និងបានក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតទាបនៅឆ្នាំ២០១៥។

        ការឡើងឋានៈរបស់ប្រទេសនេះ មានន័យថាអំណាចនៃការទិញរបស់ប្រជាជាតិនេះ កើនឡើងខ្ពស់ ជាហេតុធ្វើឲ្យក្រុមហ៊ុនជាតិ ពិសេសក្រុមហ៊ុនអន្តរជាតិធំៗ សម្រេចចិត្តិបោះទុនវិនិយោគយ៉ាងសម្បើម នៅរាជធានីរបស់ប្រទេសនេះ។

ជាក់ស្តែងមុខមាត់កម្ពុជា បានផ្លាស់ប្តូរទាំងស្រុង​ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

        ​អាគារខ្ពស់ៗកប់ពពក បានលេចឡើងរាជធានី ដែ​លធ្លាប់ជាទីក្រុងខ្មោចនាអតីតកាល មានចំនួនជាង១៧០០អាគារ។ ចំនួននេះ មិនទាន់រាប់បញ្ចូលអាគារខ្ពស់ នៅទីក្រុងព្រះសីហនុ ទីក្រុងប៉ោ​យប៉ែត ទីក្រុងបាវិត និងបណ្តាទីប្រជុំជន ជាប់ព្រំដែនមូយចំនួនទៀតនៅឡើយទេ។

ការរីកចម្រើនផ្សារភ្ជាប់សច្ចៈភាព

        ភ្ជាប់ជាមួយនឹងព្រះរាជពិធីនេះ ប្រជាជនមកពីទូទាំងប្រ​ទេស ដែលមានសច្ចៈភាព ពួកគេនឹងមើលឃើញទិដ្ឋភាពជាក់ស្តែងនៃការរីកចម្រើន របស់ប្រទេសធ្លាប់កំសត់មួយនេះ។

        អតីតកាលជាស្រមោល បច្ចុប្បន្នជាសច្ចៈភាព អនាគតជាវិបុលភាពកំពុងកើតមាន ជាមួយជំហ៊ានដ៏ច្បាស់លាស់របស់មេដឹកនាំកម្ពុជា គឺសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងសម្តេចតេជោហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា ដែលលោកនៅតែបន្តឃ្លាំមើល ការដឹកនាំរបស់កូនប្រុសច្បងរបស់សម្តេច ពីការឆ្ពោះទៅមុខជាមួយនឹងសញ្ញាច្បាស់លាស់ ដោយ ធ្វើយ៉ាងណាជម្រុញការរីកចម្រើន សេដ្ឋកិច្ច សង្គមកម្ពុជា ឆ្ពោះទៅកាន់ឋានៈថ្មី និងនាំប្រទេសនេះចេញពីឋានៈ ជាប្រទេសក្រីក្រនៅឆ្នាំ២០២៩ខាងមុខ។

        ការឈានមកដល់សករាជថ្មី “ឆ្នាំមាសនៃកម្ពុជា” បានរងសភាពស្លោកស្រពោនបន្តិច ក្នុងរយៈពេល៥ឆ្នាំមកនេះ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា នឹងរំពឹងសម្រេចបានកំនើន ប្រមាណ៥,៦ភាគរយនៅឆ្នាំនេះ និងរំពឹងសម្រេចបានកំណើន៦,៣ភាគរយនៅឆ្នាំ​២០២៥ខាងមុខ បានបង្ហាញពីសញ្ញានៃភាពធន់ កើតចេញពី​ការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ឋសាស្រ្ត និងចក្ខុវិស័យដ៏ច្បាស់លាស់ មុតស្រួច ពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិ បាល ដែលជាសេនាធិកាដ៏ឆ្នើមៗរបស់សម្តេចធិបតី។

រាជធានីនៃសេចក្តីអំណរ

       រាជធានីនេះ ចាប់តាំងពីប្រតិស្ថានមក មិនដែលជួបនូវគ្រោះមហន្តរាយ ធម្មជាតិណាមួយធ្ងន់ធ្ងរឡើយ ផ្ទុយទៅវិញរាជធានីនេះ នៅតែស្រស់បំព្រងនាគ្រប់សម័យកាល លើកលែងតែសម័យកម្ពុជា ប្រជាធិបតេយ្យ ដែលជាអតីតកាលដ៏ឈឺចាប់ ក្នុងប្រវត្តិសាស្រ្តនៃឆ្នាំសូន្យរបស់កម្ពុជា។

        ប៉ុន្តែរាត្រីថ្ងៃទី១៤ ដល់១៦ វិច្ឆិកានេះ ក៏ដូចជាបណ្តាឆ្នាំកន្លងមក ទីក្រុងនេះបានរំលេចភាពឆើតឆាយបំផុត ក្នុងពិភពលោក ជាមួយនឹងពន្លឺកាំជ្រួច សម្លេងនៃការច្រៀង ការសើចហ៊ោសប្បាយ ការរាំយ៉ាងរសរវើកជាមួយតូរតន្រ្តី។

ប្រទីបរបស់បណ្តាក្រសួងនានា បាននិងកំពុងត្រៀមរំលេ​ច និងអូសខ្លួនគើមៗលើផ្ទៃទន្លេរសាប បង្អួតសម្រស់ និងបង្ហាញពីចក្ខុវិស័យ និងគោលនយោបាយរបស់ក្រសួងនិមួយៗ ជូនសាធារណៈជនជាតិ អន្តរជាតិបានទស្សនា។

        ខែរះពេញបូរមីលើផ្ទៃទន្លេរសាប នារហូវទឹកសម្រក ជាទន្លេរដ៏កម្រមួយលើពិភពលោក ដែលមានទឹកហូរហើយ វិលត្រលប់មកវិញ។

        រាជធានីនេះ ប្រទេសនេះ ពិសេសក្រសួងទេសចរណ៍គួររៀបចំផែនការលំអិត ដើម្បីផ្សព្វផ្សាយព្រះរាជពិធីបុណ្យនេះ ឲ្យបានទូលំទូលាយ ទៅកាន់ពិភពលោក ដើម្បីនាំភ្ញៀវទេស​ចរណ៍ អន្តរជាតិមកចូលរួមរីករាយ ព្រមទាំងបណ្តែតប្រទីបជាមួ​យប្រជាជាតិខ្មែរ ឲ្យបានរាប់លាននាក់ក្នុងមួយឆ្នាំៗ។

        អរគុណសន្តិភាព សូមឲ្យស្នាមញញឹមនៃខេមរៈជន មាននៅលើផ្ទៃមុខដ៏ស្រទន់ និងកែវភ្នែកគ្មានមន្ទិលនេះ ជារៀងរហូត៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here