ប្រទេសម៉ាឡេស៊ីគ្រោងសាងសង់ជញ្ជាំងព្រំដែនចម្ងាយ១០០គីឡូម៉ែត្រនៅក្នុងរដ្ឋ Kelantan

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋ Kelantan នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងជំរុញឱ្យមានការសាងសង់ ជញ្ជាំងប្រវែង១០០គីឡូម៉ែត្រតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយប្រទេសថៃ ដើម្បីប្រឆាំងនឹងការរត់ពន្ធ ការឆ្លងកាត់ដោយខុសច្បាប់ និងទឹកជំនន់។

យោងតាមសារព័ត៌មាន South China Morning Post បានរាយការណ៍ថា  លោកMohamed Fadzli Hassan មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់រដ្ឋ Kelantan បានអះអាងថា អាជ្ញាធររដ្ឋនឹងស្នើគម្រោងសាងសង់ជញ្ជាំងព្រំដែន ទៅកាន់រដ្ឋាភិបាលថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ី។

លោក​គូស​បញ្ជាក់​ថា “បច្ចុប្បន្ន ការ​ដើរ​ល្បាត​នៅតាម​ព្រំដែន​រវាងម៉ាឡេស៊ី​ និងថៃ​កំពុង​បង្ក​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ដល់​កម្លាំង​សន្តិសុខ”។

អាជ្ញាធរអះអាងថា បច្ចុប្បន្ន អ្នកដំណើរជាច្រើនបានចតយានយន្តរបស់ពួកគេ នៅទីក្រុង Rantau Panjang នៃរដ្ឋ Kelantan ហើយឆ្លងកាត់ទន្លេ Golok ទៅកាន់ខេត្ត Narathiwat របស់ប្រទេសថៃ។

ដើម្បីបង្កើនសន្តិសុខព្រំដែន លោក Mohd Yusoff Mamat មេប៉ូលីសនៃរដ្ឋ Kelantan ក៏បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលថ្នាក់ជាតិ ដាក់ពង្រាយយន្តហោះដ្រូនគ្មានមនុស្សបើក ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន។ នេះបើយោងតាមសេចក្តីរាយការណ៍ ដោយសារពត៌មាន Bernama ។

បញ្ហាសន្តិសុខព្រំដែន បានទាក់ទាញការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង បន្ទាប់ពីកើតមានឧប្បត្តិហេតុនាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងជនជាតិម៉ាឡេស៊ីចំនួន៦នាក់ រួមទាំងតារាចម្រៀងអ្នកនាង Eda Ezrin។ ពួកគេត្រូវបានចោទប្រកាន់ពីបទកាន់កាប់ថ្នាំញៀន “មេតំហ្វេតាមីន” ក្នុងប្រទេសថៃ ហើយអាជ្ញាធរ​ថៃ បាន​រឹបអូស​ថ្នាំ​ញៀន​ជាង​៦.០០០​គ្រាប់ ​ពី​សណ្ឋា​គារ​មួយ​នៅក្នុង​ទីក្រុង Sungai Kolok។

ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ​មាន​ព្រំដែន​ជាប់​គ្នា ​ប្រ​វែង១ពាន់​គីឡូម៉ែត្រ​ ជាមួយ​នឹង​ច្រក​ព្រំដែន​គោក​ជា​ច្រើនទីតាំង៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here