ដំណឹងល្អ…ផ្សារទំនើបបោះដុំ MAKRO បើកដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ដំណឹងល្អ ថាបើកគឺបើកមែន នៅទីបំផុតផ្សារទំនើបបោះដុំដ៏ធំ​របស់ប្រទេសថៃឈ្មោះ MAKRO នឹងបើកដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះហើយ ដើម្បីស្វាគមន៍អតិថិជននានា។

ផ្សារទំនើបដែលមានលក់ទំនិញដ៏សម្បូរបែបជាមួយមុខទំនិញចម្រុះ ១៥,០០០ ប្រភេទនេះ នឹងបើកដោយឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុនលីយ៉ុងផាត់គ្រុប ដែលមានរហ័សនាមជាស្តេចកោះកុង និងដៃគូរបស់លោក។

ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែលមានលោក ថានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) បានកាន់កាប់ភាគហ៊ុនចំនួន៧០ភាគរយ និងក្រុមហ៊ុនលីយ៉ុងផាត់គ្រុបកាន់កាប់ភាគហ៊ុនត្រឹម៣០ភាគរយប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនទាំងពីរនេះ បានឲ្យដឹងនាព្រឹកថ្ងៃទី៨ ខែធ្នូនេះថា ផ្សារទំនើប Makroនេះ សាងសង់លើផ្ទៃដីប្រមាណជាង៥ហិកតា ដែលមានកម្ពស់២ជាន់ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងពោងពាយស្ថិតនៅភាគខាងជើងទីក្រុងភ្នំពេញ។

លោក លាងគង់ យិន អគ្គនាយកគេហទំព័រ​ Propertyarea.asia ដែលជាគេហទំព័រនាំមុខគេបានលើកឡើងថា ការមកដល់នៃផ្សារទំនើប និងផ្សារបោះដុំនូវមុខទំនិញដ៏ច្រើននេះ ឆ្លុះបញ្ចាំងពីការរីកចម្រើនសង្គម និងសេដ្ឋកិច្ចកម្ពុជា ពិសេសការកើនឡើងនូវក្រុមប្រជាជនវណ្ណៈកណ្តាល ដែលជាអ្វីដែលអ្នកវិនិយោគជាតិ និងអន្តរជាតិមើលឃើញពីកំលាំងទិញនៅក្នុងទីផ្សារនេះ ព្រោះពេលកម្ពុជាក្លាយជា​ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងស្ថិតនៅលើផ្លូវក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ជាអ្វីដែលកំលាំងទិញនៅក្នុងទីផ្សារ​នេះកើនឡើង។

លោកបន្តថា “ទោះជាយ៉ាងណាវត្តមានផ្សារទំនើបនេះ ក៏ធ្វើឲ្យម្ចាស់អាជី​វកម្មនានា ដែលតែងតែនាំយកទំនិញពីប្រទេសថៃមួយចំនួន បញ្ហាប្រឈមផងដែរ ប៉ុន្តែវាផ្តល់ប្រយោជន៍ច្រើនដល់អ្នកលក់រាយក្នុងស្រុក ដែលមិនចាំបាច់ធ្វើដំនើរ​ឆ្ងាយ នាំឲ្យខាតបង់ពេលវេលានិងថវិការបស់ខ្លួនផងដែរ”។ លោកបន្តថា “ខ្ញុំស្វាគ​មន៍ចំពោះវត្តមានផ្សារទំនើប និងផ្សារបោះដុំនូវទំនិញចម្រុះនេះ ព្រោះវានឹងរួមចំណែកធ្វើឲ្យទីផ្សារកម្ពុជាកាន់តែរសរវើកថែមទៀត” ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here