ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុន Property DNA បានអះអាងថា ទោះបីជាមានសញ្ញាអវិជ្ជមាននៅក្នុងទីផ្សារអចលនទ្រព្យថៃយ៉ាងណាក្តី បណ្តាអ្នកអភិវឌ្ឍន៍ភាគច្រើនរំពឹងថា ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ពួកគេនឹងកើនឡើងលើសពីឆ្នាំមុន។
លោក Surachet Kongcheep នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Property DNA បានលើកឡើងថា ក្រុមហ៊ុន Sansiri រកបានប្រាក់ចំណូលខ្ពស់បំផុតក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះតាមរយៈការលក់ផ្ទះប្រណីត និងខុនដូដែលមានតម្លៃសរុបចំនួន២៨,៨៧ពាន់លានបាត។
លោកបានបន្តថា ក្រុមហ៊ុន AP Thailand បានរាយការណ៍ពីប្រាក់ចំណូលខ្ពស់ជាងគេទី២ ចំនួន២៦,៦៧ពាន់លានបាត តាមពីក្រោយដោយប្រាក់ចំណូលនៃក្រុមហ៊ុន Supalai ចំនួន២២,៧៩ពាន់លានបាត ក្រុមហ៊ុនSC Asset ចំនួន១៤,៤៥ពាន់លានបាត និងក្រុមហ៊ុន Frasers Property Thailand ចំនួន១៣,៥៣ពាន់លានបាត។
ក្រុមហ៊ុន Supalai បានរាយការណ៍ពីប្រាក់ចំណេញចំនួន៤,២០ពាន់លានបាតក្នុងរយៈពេល៩ខែដំបូង ខណៈក្រុមហ៊ុន Sansiri បានរាយការណ៍ពីប្រាក់ចំណេញចំនួន៤ពាន់លានបាត ហើយក្រុមហ៊ុន AP Thailand បានរាយការណ៍ពីប្រាក់ចំណេញចំនួន៣,៧២ពាន់លានបាតរៀងគ្នា។
ទោះបីជាប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលទាំង៣ បានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះយ៉ាងណាក្តី ប៉ុន្តែលោក Surachet Kongcheep បានកត់សម្គាល់ថាប្រាក់ចំណេញរបស់អ្នកអភិវឌ្ឍន៍ផ្សេងទៀតមានទំហំលើសពី១ពាន់លានបាត។
លោក Surachet ព្យាករណ៍ថា ទំនុកចិត្តនៅក្នុងទីផ្សារអចលនទ្រព្យថៃនឹងមិនមានការប្រែប្រួលនៅក្នុងត្រីមាសទី៤នោះទេ ដោយលោកបញ្ជាក់ថា “អតិថិជនកំពុងទន្ទឹងរង់ចាំការផ្តល់កម្ចីទិញផ្ទះពីធនាគារ ជាជាងការបញ្ចុះអត្រាការប្រាក់”។
បច្ចុប្បន្ន ស្ថាប័នហិរញ្ញវត្ថុនានានៅប្រទេសថៃមានជំហរយ៉ាងតឹងរ៉ឹងក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះ។ លោកបានពន្យល់ថា ទន្ទឹមនឹងនោះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានព្យាយាមរក្សា ឬកាត់បន្ថយតម្លៃអចលនទ្រព្យ ក៏ដូចជាការដាក់ចេញនូវវិធានការដើម្បីទាក់ទាញអតិថិជន។
យ៉ាងណាមិញ លោកបានបន្ថែមថា ទោះបីជាទីផ្សារអចលនទ្រព្យមិនបង្ហាញសញ្ញាល្អប្រសើរឡើងវិញនៅក្នុងឆ្នាំនេះយ៉ាងណាក្តី ប៉ុន្តែប្រាក់ចំណូល និងប្រាក់ចំណេញរបស់អ្នកអភិវឌ្ឍន៍នឹងមានកម្រិតខ្ពស់ជាងឆ្នាំមុន៕ប្រភព: The Nation៕