ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែត The US Sun បានរាយការណ៍ថា គម្រោងអគារ“Big Bend”នៅសង្កាត់ Manhattan នៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក នឹងក្លាយទៅជាអគារដែលវែងជាងគេបំផុតនៅលើពិភពលោក ប្រសិនបើសំណើនៃគម្រោងនេះត្រូវបានអនុម័ត។
គម្រោងសាងសង់អគារខ្ពស់កប់ពពក ដែលត្រូវបានស្នើឡើងនេះមានប្រវែងសរុប៤.០០០ហ្វីត(ប្រហែល១.២១៩ម៉ែត្រ) និងមានរូបរាងដូចជាអក្សរ U។
ការរចនាឌីហ្សាញអគារអគារ“Big Bend”ទៅជារាងអក្សរ U មានគោលបំណងពិសេស ព្រោះគេនឹងត្រូវចំណាយទុនវិនិយោគអស់ច្រើន ប្រសិនបើគេសាងសង់អគារនេះត្រង់ទៅលើអាកាស។ ដូច្នេះ ការសាងសង់អគារ ដែលមានរូបរាងកោង មានគុណប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមសំណង់។
បន្ថែមពីលើនេះ ការរចនាសាងសង់អគារដែលមានរូបរាងប្រកបដោយភាពច្នៃប្រឌិតបែបនេះក៏អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍អាចសាងសង់អគារខ្ពស់ៗកប់ពពកលើផ្ទៃដីតូច ដោយជួយកាត់បន្ថយការចំណាយទុនសរុបលើការស្ថាបនាគម្រោងទាំងមូល។
ប្រសិនបើគម្រោងនេះទទួលបានការអនុម័តដោយជោគជ័យ អគារ Big Bend នឹងវ៉ាដាច់អគារ Burj Khalifa ក្នុងទីក្រុងឌូបៃ ដែលបច្ចុប្បន្នជាអគារខ្ពស់ជាងគេនៅលើពិភពលោក។ អគារ Big Bend ក៏នឹងមានកម្ពស់ខ្ពស់ជាងអគារ One World Trade Center ប្រហែល២០០ហ្វីតផងដែរ។
ផែនការសាងសង់អគារខ្ពស់កប់ពពក “Big Bend”នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Oiio និងមានការចូលរួមពីលោក loannis Oikonomou ជាស្ថាបត្យករផ្នែករចនាម៉ូដ។
យ៉ាងណាមិញ គម្រោងអគារ Big Bend ក៏ប្រឈមមុខនឹងការរិះគន់ផងដែរ។ យោងតាមកាសែត De Zeen បានចុះផ្សាយថា ស្ថាបត្យករឈានមុខគេមួយរូបនៅទីក្រុងញូវយ៉កបានលើកឡើងពីការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនអគារខ្ពស់ៗនៅក្នុងទីក្រុងញ៉ូវយ៉ក។
ដោយឡែក លោក Steven Holl ស្ថាបត្យករជនជាតិអាមេរិកដ៏ល្បីមួយរូប បានអះអាងថា អគារទាំងនេះតំណាងឱ្យវិសមភាពក្នុងទម្រង់ស្ថាបត្យកម្ម។
ចំណែក ប្រជាជនជាច្រើនរស់នៅទីក្រុងញ៉ូវយ៉កក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរថា អគារ“Big Bend”នេះនឹងគ្របដណ្ដប់លើទេសភាពបៃតងនៃតំបន់សួនឧទ្យាន Central Park៕ប្រភព: The US Sun៕