តើគោលនយោបាយលំនៅដ្ឋានរបស់សិង្ហបុរីមានចំណុចសំខាន់អ្វីខ្លះដែលអាចរៀនសូត្របាន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកជំនាញមួយរូបលើកឡើងថា រដ្ឋាភិបាលថៃគួរតែធានាឱ្យប្រជាជនថៃ អាចមានលទ្ធភាពទិញផ្ទះបាន និងកំណត់តំបន់ជាក់លាក់ណាមួយ សម្រាប់សាងសង់ខុនដូ ដើម្បីលក់ឱ្យជនបរទេស ក្នុងគោលដៅបញ្ចៀសការប្រឆាំង។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC)បានអះអាងថា រដ្ឋាភិបាលថៃអាចរៀនសូត្រ តាមវិធានការស្រដៀងគ្នា ទៅនឹងប្រទេសសិង្ហបុរី ដែលវិធានការទាំងនោះ បានគូសបញ្ជាក់ពីលទ្ធភាពទិញផ្ទះសម្រាប់ពលរដ្ឋរបស់ខ្លួន។

លោកបានបន្តថា “ទោះបីជាប្រទេសសិង្ហបុរី មានទំហំផ្ទៃដីតូចយ៉ាងណាក្តី ក៏ប៉ុន្តែប្រជាជនសិង្ហបុរី ស្វាគមន៍ជនបរទេស ដោយសារតែរដ្ឋាភិបាលរបស់ពួកគេ បានអនុវត្តន៍គោលនយោ​បាយ និងវិធានការជាច្រើនដើម្បីធានាថា ពលរដ្ឋរបស់ខ្លួនអាចមានលទ្ធភាពទិញផ្ទះ”។

រដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញគោលនយោបាយ និងវិធានការមួយចំនួនដូចជា ការអភិវឌ្ឍន៍លំនៅដ្ឋានសាធារណៈ ដោយក្នុងនោះយូនីតផ្ទះនីមួយៗ ត្រូវបានដាក់លក់ទៅឱ្យប្រជាជនសិង្ហបុរី ក្នុងតម្លៃសមរម្យ តាមរយៈការឧបត្ថម្ភធនមួយចំនួន។

ជាមួយគ្នានេះ ប្រទេសសិង្ហបុរី ក៏បានបង្កើតមូលនិធិផ្តល់សេវាកណ្តាល(Central Provident Fund) ដោយប្រមូលកៀរគរថវិកាបរិច្ចាគពីនិយោជិត និងនិយោជក ដែលអាចយកមកប្រើប្រាស់ដើម្បីទូទាត់ការបង់កក់ និងការបង់រំលោះប្រចាំខែ។

ប្រទេសសិង្ហបុរី ក៏បានបញ្ចេញកញ្ចប់ជំនួយ និងការឧបត្ថ​ម្ភធនខាងផ្នែកលំនៅដ្ឋានផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃផ្ទះកាន់តែមានកម្រិតសមរម្យ សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងផ្តល់ជំនួយហិរញ្ញវត្ថុដល់់គ្រួសារ ដែលមានប្រាក់ចំណូលទាប និងមធ្យម ដើម្បីជួយឱ្យពួកគេមានលទ្ធភាព ទិញផ្ទះលើកដំបូង។

ដើម្បីទប់ស្កាត់ការទិញផ្ទះទុកលក់ចំណេញ និងធានាថា ផ្ទះនៅតែមានតម្លៃសមរម្យ រដ្ឋាភិបាលសិង្ហបុរីបានប្រើប្រាស់វិធានការនានា ដូចជា ការតម្រូវឱ្យបង់ពន្ធប្រថាប់ត្រា នៅក្នុងករណី ដែលប្រជាជនបានទិញអចលនទ្រព្យ ជាច្រើនយូនីត និងជនបរទេស ក៏ដូចជា ការរឹតបន្តឹងគោលនយោបាយផ្តល់ប្រាក់កម្ចីផងដែរ។

យ៉ាងណាមិញ ក្រុមអ្នកវិភាគអចលនទ្រព្យមួយចំនួនបានលើកឡើងថា “វិធីសាស្រ្តនេះ ប្រហែលជាមិនមានប្រសិទ្ធភាពសម្រាប់ប្រទេសថៃទេ ដោយសារថៃមានដីធ្លីច្រើន សម្រាប់ អភិ​​វឌ្ឍខុនដូ ដែលអនុញ្ញាតឱ្យជនបរទេស មកពីប្រទេសផ្សេងៗគ្នាអាចរស់នៅបាន ហើយមិនចាំបាច់រស់នៅជាមួយគ្នា៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here