ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃរបស់ប្រទេសចិនបានប្រកាសពីការបន្ធូរបន្ថយពន្ធដើម្បីជំរុញការទិញផ្ទះ ខណៈបញ្ហាក្នុងវិស័យអចលនទ្រព្យនៅតែបន្តអូសបន្លាយ និងជះផលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចចិន។
ចំណែក បណ្តាទីក្រុងធំៗផ្សេងទៀតនៅក្នុងប្រទេសចិនក៏ត្រូវបានគេរំពឹងថា នឹងអនុវត្តន៍តាមទីក្រុងទាំង២ខាងលើផងដែរ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Reuters។
វិធានការដ៏សំខាន់នេះត្រូវបានដាក់ចេញ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានប្រកាសឱ្យដឹងពីផែនការបន្ធូរបន្ថយពន្ធមួយចំនួនលើប្រតិបត្តិការទិញផ្ទះ និងដីធ្លីកាលពីសប្តាហ៍មុន។
យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមូលដ្ឋានបានបង្ហាញថា ប្រជាជនទីក្រុងប៉េកាំង និងសៀងហៃដែលមានបំណងដាក់លក់អចលនទ្រព្យរបស់ពួកគេ នឹងត្រូវបានលើកលែងពីការបង់ពន្ធអាករលើតម្លៃបន្ថែម ដរាបណាពួកគេកាន់កាប់អចលនទ្រព្យនោះបានលើសពី២ឆ្នាំ។
ក្រុមមន្ដ្រីបង្កើតគោលនយោបាយចិនកំពុងទប់ស្កាត់ទីផ្សារអចលនទ្រព្យរបស់ខ្លួនមិនឱ្យបន្តដាំក្បាលចុះ ខណៈវិស័យនេះធ្លាប់ជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចចិន។
យ៉ាងណាមិញ ការធ្លាក់ចុះនៃទំនុកចិត្តអ្នកប្រើប្រាស់ និងវិនិយោគិនបានធ្វើឱ្យអ្នកដែលមានបំណងទិញផ្ទះនាពេលអនាគតពិបាកធ្វើការសម្រេចចិត្ត។
ការដាក់ចេញវិធានការថ្មីក្នុងខែវិច្ឆិកានេះបានបូកបន្ថែមពីលើចំណាត់ការកាលពីខែកញ្ញា ដូចជាការកាត់បន្ថយចំនួនប្រាក់កក់អប្បបរមាមកនៅត្រឹម១៥% សម្រាប់ប្រភេទលំនៅដ្ឋានទាំងអស់ និងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ។
លោក Xu Tianchen សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Economist Intelligence Unit បានលើកឡើងថា “ការជំរុញគោលនយោបាយចាប់តាំងពីខែកញ្ញា មានប្រសិទ្ធភាពក្នុងការស្តារតម្រូវការ ព្រមទាំងផ្តល់ការគាំទ្រដល់តម្លៃលំនៅដ្ឋាន និងភាគហ៊ុន”។
ទោះជាយ៉ាងនេះក្តី លោកបានគូសបញ្ជាក់ថា “សេដ្ឋកិច្ចរបស់ប្រទេសចិនមិនទាន់មានជំហររឹងមាំនៅឡើយ ហើយការគាំទ្រគោលនយោបាយត្រូវតែមានភាពច្បាស់លាស់ និងមាននិរន្តរភាពដើម្បីស្តារទំនុកចិត្តរបស់អ្នកទិញផ្ទះឡើងវិញ”៕ប្រភព: Reuters៕