ស្ថាប័នជំនាញអចលនទ្រព្យវាយតម្លៃថា ទីផ្សារការិយាល័យនៅសិង្ហបុរីមានដំណើរការល្អប្រសើរក្នុងត្រីមាសទី៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្រាវជ្រាវដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានបង្ហាញថា ទីផ្សារការិយាល័យនៅក្នុងទីក្រុងសិង្ហបុរីមានដំណើរការល្អប្រសើរ បន្ទាប់ពីការបញ្ចប់ទៅនៃវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ-១៩។

អត្រានៃការជួលការិយាល័យលំដាប់ A នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ក្នុងទីក្រុងសិង្ហបុរីបានកើនឡើង១៤,៩ភាគរយក្នុងរយៈពេលចំនួន១២ត្រីមាសជាប់ៗគ្នាចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២១។

កំណើនខាងលើបណ្តាលមកពីការវិលត្រឡប់ទៅធ្វើការនៅការិយាល័យវិញនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសិង្ហបុរី មានល្បឿនលឿនជាងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បូករួមទាំងការផ្គត់ផ្គង់ទាប និងការពន្យារពេលបើកដំណើរការគម្រោងថ្មី។

ទោះបីជាយ៉ាងណាក្តី កំណើននៃតម្លៃជួលការិយាល័យនៅសិង្ហបុរីបានជាប់គាំងចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០២៤ ដែលក្នុងនោះ តម្លៃជួលការិយាល័យលំដាប់A បានស្ថិតនៅទ្រឹងគិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ។

ការជាប់គាំងនៃតម្លៃជួលបណ្តាលមកពីការបញ្ចប់ការសាងសង់អគារ IOI Central Boulevard Towers ដែលបានចាក់បញ្ចូលការិយាល័យចំនួន១,២លានហ្វីតការ៉េបន្ថែមទៅកាន់ទីផ្សារក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លើសពីនេះ ការកើនឡើងនៃអត្រាការប្រាក់ និងថ្លៃដើមអចលនទ្រព្យ ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច បានជំរុញឱ្យបណ្តាក្រុមហ៊ុនជាច្រើនកាត់បន្ថយទំហំការិយាល័យ ឬស្វែងរកជម្រើសជួលទីតាំងផ្សេងទៀតដែលមានតម្លៃសមរម្យ។

ផ្ទុយទៅវិញ បើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យមួយផ្សេងទៀត Knight Frank បានបង្ហាញថា តម្លៃជួលការិយាល័យប្រណីតប្រចាំខែ(Prime Office) នៅសិង្ហបុរីបានកើនឡើង០,៦ភាគរយក្នុងត្រីមាសទី៣ឆ្នាំនេះដល់ចំនួន១១,៣៥ដុល្លារសិង្ហបុរី(ប្រហែល៨,៥ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េបើធៀបនឹងត្រីមាសទី២៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here