អគារអចលនទ្រព្យពហុមុខងារមួយស្ថិតនៅចំកណ្តាលទីក្រុងតូក្យូអាចនឹងលក់ចេញក្នុងតម្លៃ២,៦ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Blackstone Inc. បានក្លាយជាបេក្ខភាពនាំមុខ ក្នុងការដេញថ្លៃទិញអគារការិយាល័យចម្រុះ នៅទីក្រុងតូក្យូ ដែលត្រូវបានដាក់លក់ដោយក្រុមហ៊ុន Seibu Holdings ក្នុងកិច្ចព្រមព្រៀង ក្រោមទំហំទឹកប្រាក់ចំនួន៤០០ពាន់លានយ៉េន(ប្រហែល២,៦ពាន់លានដុល្លារ)។

ក្រុមហ៊ុន Seibu បានសម្រេចចិត្ដធ្វើការជាមួយ Blackstone ដែលជាក្រុមហ៊ុនវិនិយោគខ្នាតយក្ស របស់សហរដ្ឋអាមេរិកក្នុងគោលបំណងលក់អគារ Tokyo Garden Terrace Kioicho របស់ខ្លួន បន្ទាប់ពីបានបើកដំណើរការដេញថ្លៃ អស់រយៈពេលជាច្រើនខែ។

យោងតាមប្រភពបានទម្លាយឱ្យដឹងថា ទំហំទឹកប្រាក់ចំនួន៤០០ពាន់លានយ៉េននេះ គ្រាន់តែជាតម្លៃចរចាប៉ុណ្ណោះ ហើយតម្លៃនេះ អាចប្រែប្រួលបាន ខណៈការពិភាក្សានេះក៏រួមបញ្ចូលផងដែរ នូវកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុន Seibu បន្តគ្រប់គ្រងប្រតិបត្តិការក្នុងអគារនេះ។

ភាគីនានាមានបំណងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ។ ទោះ​ជា​យ៉ាង​ណា ការ​ពិភាក្សា​កំពុង​បន្ត ខណៈបណ្តាក្រុមហ៊ុន ដែលចូលរួមការដេញថ្លៃចុងក្រោយផ្សេងទៀត រួមមាន ក្រុមហ៊ុន KKR & Co. និងក្រុមហ៊ុន BentallGreen Oak ដែលជាអ្នកដេញថ្លៃដាច់ដោយឡែក។

ការដាក់លក់អគារ Tokyo Garden Terrace Kioicho ជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Seibu Holdings ហើយក្រុមហ៊ុនគ្រោងសម្រេចឱ្យបាននូវ កិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ។ ប៉ុន្តែការសម្រេចចិត្តណាមួយ មិនទាន់ត្រូវបានធ្វើឡើងនោះទេ ។

អគារ Tokyo Garden Terrace Kioicho រួមមានការិយាល័យចំនួន៣៦ជាន់ អាផាតម៉ិនសម្រាប់ជួល សណ្ឋាគារ ហាងលក់រាយ និងហាងលក់អាហារផ្សេងៗ។

អាគារនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Seibu និងបើកដំណើរការក្នុងឆ្នាំ២០១៦ មានទីតាំងនៅចំកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុន និងស្ថិតនៅជិតតំបន់ដែលពោរពេញទៅដោយអគាររដ្ឋបាល និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle Inc.(JLL) បានឱ្យដឹងថា ទំហំនៃការវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម នៅក្នុងប្រទេសជប៉ុន បានកើនឡើង២១%ធៀបនឹងឆ្នាំមុន ដល់ចំនួន២,៦ទ្រីលានយ៉េន ក្នុងឆមាសទីមួយឆ្នាំ២០២៤។

ក្រុមហ៊ុន JLL បានបន្ថែមថា ទីក្រុងតូក្យូជាទីក្រុងមួយ ដែលមានភាពសកម្មបំផុត នៅលើពិភពលោក ដោយនាំមុខទាំងទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក និងទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេស៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here