តើលោកដូណាល់ ត្រាំ មានចក្ខុវិស័យចំពោះរូបិយបណ្ណ ឌីជីថលគ្រីបតូបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្របពេលដែលលោកដូណាល់ ត្រាំ បានជាប់ឆ្នោតជាថ្មីជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក បណ្តាអ្នកវិនិយោគ លើកាក់គ្រីបតូ កំពុងមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះរូបិយបណ្ណឌីជីថលមួយនេះ។

កាលពីអំឡុងយុទ្ធនាការ ​ឃោសនា​បោះឆ្នោត លោក ដូណាល់ត្រាំ បាន​ហៅ​​ខ្លួន​លោកថា​ ជា​បេក្ខជន​គាំទ្រ​រូបិយបណ្ណគ្រីបតូ​។ តម្លៃកាក់គ្រីបតូ បានហក់ឡើងដល់កំណត់ត្រា៨ម៉ឺនដុល្លារភ្លាមៗ ក្រោយពីលោកត្រាំត្រូវបានគេប្រកាសថា ទទួលបានជ័យជំនះ លើដៃគូប្រជែង មកពីគណបក្សប្រជាធិបតេយ្យ។

ក្នុងអំឡុងពេលនៃសន្និសីទមួយ នៅទីក្រុង Nashville កាលពីខែកក្កដា លោក ត្រាំ បានប្រកាសថា នៅពេលលោកត្រលប់ទៅកាន់សេតវិមានវិញ រដ្ឋាភិបាលសហព័ន្ធ នឹងមិនលក់កាក់ Bitcoin ចេញនោះទេ។ ប៉ុន្តែ លោកមិនបានប្រកាស ចាក់បញ្ចូលរូបិយប័ណ្ណឌីជីថល ទៅក្នុងទុនបម្រុងសហព័ន្ធឡើយ។

លោកដូ ណាល់ត្រាំ បានប្រកាសក្ដែងៗ ដោយបង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោកថា លោកមានផែនការប្រែក្លា​យសហរដ្ឋអាមេរិក ទៅជារដ្ឋធានីរូបិយប័ណ្ណគ្រីបតូ នៃភពផែនដី។

លោកដូណាល់ត្រាំ បានបន្តថា “អស់រយៈពេលជាយូរមកហើយ រដ្ឋាភិបាលរបស់យើងបានបំពានច្បាប់ ដែលគ្រប់អ្នកវិនិយោគកាក់គ្រីបតូ ឬ Bitcoiner បានដឹងបានច្បាស់។ ចូរកុំលក់ Bitcoin របស់អ្នកចេញ!”។

លោកដូណាល់ត្រាំ បានប្តេជ្ញាថា លោកនឹងរក្សាកម្រិតបច្ចុប្បន្ន នៃការកាន់កាប់ Bitcoin ដែលសហរដ្ឋអាមេរិកប្រមូលបាន តាមរយៈការរឹបអូសទ្រព្យសម្បត្តិ ពីក្រុមឧក្រិដ្ឋជនហិរញ្ញវត្ថុ។

លោកត្រាំបានប្រកាសថា “ក្រោមគោលនយោ​បាយនៃរដ្ឋបាលរបស់ខ្ញុំ សហរដ្ឋអាមេរិកនឹងរក្សាទុកBitcoin ទាំងអស់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងកាន់កាប់ ឬទទួលបាននាពេលអនាគត”។

លោកដូណាល់ត្រាំ ថែមទាំងបានប្តេជ្ញាដកហូតតំណែងលោក Gary Gensler ដែលជាប្រធានគណៈកម្មការ មូលបត្រអាមេរិកនាពេលបច្ចុប្បន្ន ក្រោមរដ្ឋបាលដឹកនាំ របស់លោកប្រធា​នាធិបតីចូបៃដិន។

លោកបានប្រកាសថា “នៅថ្ងៃណាមួយ ខ្ញុំនឹងបណ្តេញ​លោ​ក Gary Gensler   ប្រធានគណៈកម្មការមូលបត្រអាមេរិកដែលត្រូវបានតែងតាំងដោយលោក ចូបៃដិន ព្រោះលោកបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះបទប្បញ្ញត្តិគ្រីបតូ”។

លោកត្រាំ ក៏បានប្តេជ្ញាបង្កើតក្រុមប្រឹក្សាយោបល់ សម្រាប់ប្រធានាធិបតី ជុំវិញបញ្ហា កាក់Bitcoin និង Cryptoផងដែរ។លោកបានអះអាងថា “ច្បាប់នឹងត្រូវបានតាក់តែងឡើង ដោយមនុស្សដែលស្រឡាញ់ ឧស្សាហកម្មរបស់អ្នក មិនមែនស្អប់ឧស្សា​ហកម្មរបស់អ្នកទេ”។

លោកប្រកាសថា “ប្រសិនបើរូបិយបណ្ណគ្រីបតូ នឹងកំណត់អនាគត ខ្ញុំចង់ឱ្យគ្រីបតូត្រូវបានជីកយក និងផលិតនៅសហរដ្ឋអាមេរិក”។

លោកអះអាងទៀតថា ការរឹតបន្តឹងរបស់រដ្ឋបាល លោកចូបៃដិន ចំពោះកាក់ Bitcoin អាចជួយដល់ប្រទេសចិន រុស្ស៊ី និងពួកកុម្មុយនិស្តឆ្វេងនិយមប៉ុណ្ណោះ។  យើងចង់ឱ្យកាក់ Bitcoin ដែលនៅសេសសល់ទាំងអស់ ត្រូវបានផលិតនៅសហរដ្ឋអាមេរិក។

លោកត្រាំថ្លែងថា “ខ្ញុំកំពុងរៀបចំផែនការរបស់ខ្ញុំ ដើម្បីធានាថា សហរដ្ឋអាមេរិក នឹងក្លាយជារដ្ឋធានីគ្រីបតូរបស់ភពផែនដី និងជាមហាអំណាចBitcoin របស់ពិភពលោក ហើយយើងនឹងសម្រេចវាឱ្យបាន”។

ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានលើកឡើងថា ការគាបសង្កត់ របស់រដ្ឋបាលលោកចូបៃដិន លើរូបិយបណ្ណ Crypto និង Bitcoin ជារឿងខុស។

លោកបញ្ជាក់ថា “ខ្ញុំសូមប្រាប់អ្នកថា ប្រសិនបើពួកគេឈ្នះការបោះឆ្នោតនេះ អ្នករាល់គ្នានឹងខាតបង់ ព្រោះពួកគេនឹងធ្វើរឿងមិនគួរឱ្យជឿ”។

លោកត្រាំ បានបញ្ជាក់ក្នុងអំឡុង ពេលថ្លែងសុន្ទរកថាគន្លឹះរបស់លោកថា “Bitcoin តំណាងឱ្យសេរីភាព អធិបតេយ្យភាព និងឯករាជ្យភាព មិនស្ថិតក្រោមការបង្ខិតបង្ខំ និងការគ្រប់​គ្រងរបស់រដ្ឋាភិបាល។

លោកត្រាំ បានថ្លែងបើកសុន្ទរកថា របស់លោកដោយបានទទួលស្គាល់សារៈសំខាន់ នៃរូបិយប័ណ្ណគ្រីបតូ នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុពិភពលោកនាពេលបច្ចុប្បន្ន។ លោកបានកោតសរ​សើរថា កាក់ Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងទៀត មានលក្ខណៈច្នៃប្រឌិត និងមានសារៈប្រយោជន៍ ក្នុងបរិបទនៃការវិវត្តន៍ក្នុងទីផ្សារហិរញ្ញវត្ថុ។

លោកបានសង្កត់ធ្ងន់ លើតួនាទីរបស់រូបិយប័ណ្ណគ្រីបតូ ក្នុងការជំរុញការបង្កើតថ្មី និងកំណើនសេដ្ឋកិច្ច។ លោកត្រាំ ក៏បានគូសបញ្ជាក់ពីរបៀប ដែលរូបិយប័ណ្ណឌីជីថល អាចជំរុញបរិយាបន្នផ្នែកហិរញ្ញវត្ថុ និងផ្តល់ឱកាសថ្មី សម្រាប់ការវិនិយោគ និងការបង្កើតទ្រព្យសម្បត្តិ។

លោកក៏បានចង្អុលបង្ហាញផងដែរ អំពីការកើនឡើងនៃការចាប់យកបច្ចេកវិទ្យា Blockchain នៅក្នុងវិស័យផ្សេងៗ ដែលជាភស្តុតាង បង្ហាញពីសក្តានុពលរបស់គ្រីបតូ ក្នុងការធ្វើបដិវ​ត្តន៍ប្រព័ន្ធហិរញ្ញវត្ថុបែបប្រពៃណី។

លោក ត្រាំ ថែមទាំងបានលើកឡើង ពីតម្រូវការបង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិ ប្រកបដោយតុល្យភាព ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងធានាបាននូវការការពារអ្នកប្រើប្រាស់ និងស្ថិរភាពហិរញ្ញវត្ថុ។

លោកបានអំពាវនាវ ឱ្យមានការតាក់តែងបទប្បញ្ញត្តិច្បា​ស់លាស់ និងយុត្តិធម៌ សំដៅជួយការពារការក្លែងបន្លំ និងការប្រើប្រាស់ខុសទិសដៅ។  វិធីសាស្រ្តនេះ មានគោលបំណងធ្វើឱ្យមានតុល្យភាព រវាងការជំរុញការបង្កើតថ្មី និងការការពារផលប្រយោជន៍ របស់អ្នកវិនិយោគ និងសេដ្ឋកិច្ចជាទូទៅ។

ដោយសង្កត់ធ្ងន់លើការប្រកួតប្រជែង លោក ដូណាល់ត្រាំ បានជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវដើរនាំមុខគេក្នុងការប្រណាំងប្រជែងក្នុងទីផ្សាររូបិយប័ណ្ណឌីជីថលសកល។

លោកបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក មានភាពយឺតយ៉ាវក្នុងការចាប់យក និងការចែងបទប្បញ្ញត្តិអំពីគ្រីបតូ នោះការណ៍នេះ អាចបណ្តាលឱ្យទីក្រុងវ៉ាស៊ីនតោន បាត់បង់ឱកាសសេដ្ឋកិច្ច និងការថយចុះនៃឥទ្ធិពល ក្នុងការកំណត់ស្តង់ដារហិរញ្ញវត្ថុសកល។

លោកត្រាំ បានថ្លែងបិទបញ្ចប់សុន្ទរកថា របស់លោកជាមួ​យនឹងការចង្អុលចក្ខុវិស័យ នៃអនាគតមួយ ដែលរូបិយបណ្ណគ្រីបតូ និងបច្ចេកវិទ្យាBlockchain ដើរតួនាទីសំខាន់នៅក្នុងប្រព័​ន្ធហិរញ្ញវត្ថុទំនើប។

លោកបានបង្ហាញសុទិដ្ឋិនិយម អំពីសក្ដានុពលនៃទ្រព្យសកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសុវត្ថិភា​ព​ក្នុងប្រតិបត្តិការហិរញ្ញវត្ថុ សំដៅផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច។

សុន្ទរកថារបស់លោក ត្រាំ នៅក្នុងសន្និសីទ Bitcoin ប្រចាំឆ្នាំ២០២៤ បានបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរ នៃទស្សនវិស័យរបស់លោក ចំពោះរូបិយប័ណ្ណគ្រីបតូ និងបង្ហាញពីសក្តានុពលរបស់គ្រីបតូ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតក្រោមក្របខណ្ឌបទប្បញ្ញត្តិដ៏រឹងមាំមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here