ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្រាវជ្រាវ ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានបង្ហាញថា ទីផ្សារការិយាល័យនៅក្នុងទីក្រុងសិង្ហបុរី មានដំណើរការល្អប្រសើរ បន្ទាប់ពីការបញ្ចប់ទៅនៃវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ-១៩។
អត្រានៃការជួលការិយាល័យលំដាប់A នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ក្នុងទីក្រុងសិង្ហបុរី បានកើនឡើង១៤,៩ភាគរយ ក្នុងរយៈពេលចំនួន១២ត្រីមាសជាប់ៗគ្នា ចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២១។
-->
កំណើនខាងលើបណ្តាល មកពីការវិលត្រឡប់ទៅធ្វើការនៅការិយាល័យវិញ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសិង្ហបុរី មានល្បឿនលឿនជាងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បូករួមទាំងការផ្គត់ផ្គង់ទាប និងការពន្យារពេលបើកដំណើរការគម្រោងថ្មី។
ទោះបីជាយ៉ាងណាក្តី កំណើននៃតម្លៃជួលការិយាល័យនៅសិង្ហបុរី បានជាប់គាំងចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០២៤ ដែលក្នុងនោះ តម្លៃជួលការិយាល័យលំដាប់A បានស្ថិតនៅទ្រឹងគិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ។
ការជាប់គាំងនៃតម្លៃជួល បណ្តាលមកពីការបញ្ចប់ការសាងសង់អគារ IOI Central Boulevard Towers ដែលបានចាក់បញ្ចូលការិយាល័យ ទំហំ១,២លានហ្វីតការ៉េ បន្ថែមទៅកាន់ទីផ្សារក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លើសពីនេះ ការកើនឡើងនៃអត្រាការប្រាក់ និងថ្លៃដើមអចលនទ្រព្យ ស្របពេលមានភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ច បានជំរុញឱ្យបណ្តាក្រុមហ៊ុនជាច្រើន កាត់បន្ថយទំហំការិយាល័យ ឬស្វែងរកជម្រើសជួលទីតាំងផ្សេងទៀត ដែលមានតម្លៃសមរម្យ។
ផ្ទុយទៅវិញ បើយោងតាមក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យមួយផ្សេងទៀត Knight Frank បានបង្ហាញថា តម្លៃជួលការិយាល័យប្រណីតប្រចាំខែ(Prime Office) នៅសិង្ហបុរីបានកើនឡើង០,៦ភាគរយក្នុងត្រីមាសទី៣ឆ្នាំនេះ ដល់ចំនួន១១,៣៥ដុល្លារសិង្ហបុរី(ប្រហែល៨,៥ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េបើធៀបនឹងត្រីមាសទី២៕ប្រភព: The Business Times៕
