វិភាគ: តើការកើនឡើងនៃកំដៅសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនថ្មីៗនេះអាចរាលដាលទៅជាសង្គ្រាមលោកលើកទី៣ឬទេ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជិតឈានចូលឆ្នាំទី៤ ដោយគ្មានតម្រុយពីការបញ្ចប់សង្រ្គាម ដែលបង្កនូវមហន្តរាយដ៏ធំធេងមិនចំពោះតែប្រទេសទាំងពីរផ្ទាល់ប៉ុណ្ណោះទេ តែក៏ចំពោះពិភពលោកទាំងមូលផងដែរ។

សង្រ្គាមនេះ បានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយមនុស្សរាប់លាននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។

សង្គ្រាមក៏បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក ដែលបណ្តាលឱ្យតម្លៃថាមពល ស្បៀង ចំណីសត្វ កើនឡើង និងរំខានដល់ច្រវាក់ផ្គត់ផ្គង់ពិភពលោកជាខ្លាំង។

ជាប្រវត្តិសាស្ត្រ  អ៊ុយក្រែនធ្លាប់ជាផ្នែកមួយ នៃសហភាពសូវៀត ដែលមានរុស្ស៊ីជាក្បាលម៉ាស៊ីន។ ហេតុនេះ រុស្ស៊ីនៅតែចាត់ទុកអ៊ុយក្រែន ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

បើទោះ​បីជា​រុស្ស៊ី ព្យាយាមរក្សាអ៊ុយក្រែន ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួនយ៉ាងណាក្តី ប៉ុន្តែអ៊ុយក្រែនបែរជាបាននិងកំពុងឆ្ពោះទៅ​រកទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយប្រ​ទេ​សលោកខាងលិចដូចជា ការសុំចូលជាសមាជិកសហភាពអឺរ៉ុប ជាពិសេសការសុំចូលបក្សសម្ព័ន្ធអង្គការយោធាណាតូ ដែលជាប្រភពនៃភាពតានតឹងរវាងអ៊ុយក្រែនជាមួយ​រុស្ស៊ី។

ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន បានផ្ទុះឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏បានឈានដល់កម្រិតកំពូលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៊ីបើកប្រតិបត្តិការចូលឈ្លានពានអ៊ុយក្រែន។

ម៉្យាងទៀត រុស្ស៊ីនៅតែរក្សាជំហរដដែល ក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ដែលជាសញ្ញាបង្ហាញឱ្យឃើញថា សង្រ្គាមនេះនឹងអូសបន្លាយយូរបន្តទៅទៀត ខណៈរុស្ស៊ីតែងអះអាងថា នេះជាការការពារខ្លួនពីការគំរាមកំហែងរបស់បស្ចិមប្រទេស ជាពិសេស ការពង្រីកខ្លួនរបស់អង្គការសម្ព័ន្ធយោធាណាតូ មកកាន់តំបន់អឺរ៉ុបខាងកើត ។

តើសង្គ្រាមនេះ អាចវិវត្តន៍ទៅជាសង្គ្រាមលោកលើកទី៣ ដែរឬទេ? ខាងក្រោមនេះជាអត្ថបទវិភាគ របស់ទីភ្នាក់សារពត៌មានអាមេរិក Newsweek។

ថ្មីៗនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានកើនឡើងកំដៅកាន់តែខ្លាំង ក្រោយពីប្រទេសកូរ៉េខាងជើង បានបញ្ជូនកងទ័ពរបស់ខ្លួនដើម្បីជួយរុស្ស៊ី ក្នុងការប្រយទ្ធលើសមរភូមិអ៊ុយក្រែន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធបានបើកភ្លើងខៀវឱ្យអ៊ុយក្រែន អាចប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយរបស់លោកខាងលិច ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។

ការសម្រេចចិត្តអនុម័តឱ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិក ដើម្បីវាយប្រហារគោលដៅក្នុងទឹកដីរុស្ស៊ី បានកើតមានឡើងបន្ទាប់ពី ទីក្រុងម៉ូស្គូបានដាក់ពង្រាយទាហានឈរជើងទាហានជិត៥០.០០០នាក់ នៅក្នុងតំបន់ Kursk។

បន្ថែមពីលើភាពតានតឹងនេះ ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ត្រូវបានគេរាយការណ៍ថា បានចូលរួមប្រយុទ្ធដើម្បីជួយកងកម្លាំងរុស្ស៊ី នៅតំបន់Kursk ដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភជាខ្លាំង។

លោក Michael C. Desch សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Notre Dame បានលើកឡើងថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ចូបៃដិន ក្នុងការអនុញ្ញា​តឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពវាយប្រហារគោលដៅជ្រៅ នៅក្នុងប្រទេសរុស្ស៊ីពិតជាមានគ្រោះថ្នាក់ និងគ្មានន័យអ្វីទាំងអស់។

អ្នកវិភាគរូបនេះ បានមានប្រសាសន៍ឱ្យដឹងបន្តថា “វាមានគ្រោះថ្នាក់ណាស់ ពីព្រោះខ្ញុំជឿថា ដើម្បីប្រើប្រាស់ប្រព័ន្ធវាយប្រហារចូលជ្រៅទៅកាន់ទឹកដីរុស្ស៊ី ដូចជា មីស៊ីល ATACMS ប្រហែលជាត្រូវការ ការចូលរួមដោយផ្ទាល់ ពីសហរដ្ឋអាមេរិក ជាពិសេសការកំណត់គោលដៅ”។

យ៉ាងណាមិញ លោកមិនប្រាកដថា សកម្មភាពនេះនឹងនាំទៅដល់សង្គ្រាមលោកលើកទី៣នោះទេ។ ប៉ុន្តែលោកអះអាងថា វានឹងធ្វើឱ្យសង្រ្គាមដ៏បង្ហូរឈាមនេះ មានសភាពកាន់តែធ្ងន់​ធ្ងរឡើងថែមទៀត។

លោក Robert Romanchuk អ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវអ៊ុយក្រែន នៃសាកលវិទ្យាល័យ Harvard អះអាងថា ពលរដ្ឋអាមេរិក ប្រហែលជាមិនបានកត់សម្គាល់ទេ ហើយក៏មិនមានការភ្ញាក់ផ្អើលដែរ ខណៈមានជនជាតិអឺរ៉ុបជាច្រើនយល់ឃើញថា សង្គ្រាមលោកលើកទី៣ បានចាប់ផ្តើមឡើងរួចទៅហើយ។

លោកបន្តថា ប្រសិនបើរុស្ស៊ី ឈ្នះសង្គ្រាមនៅអ៊ុយក្រែន នោះសង្រ្គាមក្តៅនេះ ប្រហែលជាអាចនឹងបង្វែរ ទៅកាន់បណ្តារដ្ឋបាល់ទិក ឬប្រទេសប៉ូឡូញ ដែលពួកគេយល់ច្បាស់ណាស់អំពីអ្វីដែលនឹងកើតឡើង។

លោកជឿជាក់ថា “ខ្សែបន្ទាត់ក្រហមដែលគូសដោយរុស្ស៊ីហាក់គ្មានទីបញ្ចប់ទេ។ ផ្ទុយទៅវិញ នៅពេលក្រុមប្រទេសលោកខាងលិច ដើរហួសខ្សែបន្ទាត់ក្រហមទាំងនោះ រុស្ស៊ីតែងតែដកថយពីការគំរាមកំហែងរបស់ខ្លួន”។

ជាក់ស្ដែង រាល់ការបញ្ជូនអាវុធថ្មី ទៅកាន់អ៊ុយក្រែនត្រូវបានឆ្លើយតប ដោយការព្រមានពីទីក្រុងមូស្គូ។ ប៉ុន្តែម្តងហើយម្តងទៀត អាវុធត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែន ហើយរុស្ស៊ីមិនបានចាត់វិធានការសងសឹកអ្វីធំដុំនោះទេ។

លោក Richard K. Betts អ្នកជំនាញទំនាក់ទំនងអន្តរជាតិ គោលនយោបាយការបរទេសអាមេរិក និងជាអ្នកនិពន្ធ​សៀវ​ភៅ“American Force”បានអះអាងថា ហានិភ័យ ដែលរុស្ស៊ីអាចធ្វើការឆ្លើយតបក្នុងទ្រង់ទ្រាយធំ មានកម្រិតទាបណាស់ ដោយ​សារនៅពេលនេះ លោក ពូទីន កំពុងរង់ចាំរហូតទាល់តែលោកដូណាល់ ត្រាំ  ចូលកាន់តំណែង និងផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន។

ផ្ទុយទៅវិញ លោក Lubomyr Luciuk សាស្ត្រាចារ្យនៃនាយកដ្ឋានវិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច និងប្រវត្តិសាស្ត្រអ៊ុយក្រែន នៃមហាវិទ្យាល័យ Royal Military College ក្នុងប្រទេសកាណាដាបានលើកឡើងថា ការផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធទាំងអស់ ដែលអ៊ុយក្រែនត្រូវការដើម្បីកម្ចាត់រុស្ស៊ី នឹងកាត់បន្ថយជម្លោះនេះ និងទប់ស្កាត់សង្គ្រាមលោកលើកទី៣។

លោកបានវិភាគបន្តថា “ប្រសិនបើមិន​ធ្វើ​បែប​នេះ​ទេ នោះរុស្ស៊ី ប្រាកដជានឹង​​បានដៃនៅក្នុងការបំផ្លាញ ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ ដែល​ផ្អែក​លើ​ច្បាប់ និង​ធ្វើ​ឱ្យ​មានអស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​ នៅ​ទូទាំង​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរ”។

លោក Dani Belo អ្នកជំនាញផ្នែកសន្តិសុខ និងជានាយកទំនាក់ទំនងអន្តរជាតិ នៃមន្ទីរពិសោធន៍ស្រាវជ្រាវគោលនយោ​បាយសកល Horizons លើកឡើងថា សមត្ថភាព​របស់​អ៊ុយក្រែន​នាពេល​នេះ ​ក្នុង​ការ​វាយ​ប្រហារ​ចូល​ទឹក​ដី​រុស្ស៊ី ​ពិត​ជា​អា​ច​បង្កើន​កំដៅសង្គ្រាម​ជាមួយ​រុស្ស៊ី។

ទោះបីជាយ៉ាងណាក្តី លោកDani Belo បញ្ជាក់ថា ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកម្តងទៀតនាពេលនេះ អាចនឹងធ្វើឱ្យកំដៅសង្គ្រាមថយចុះ។

លោកបន្តថា ថ្មីៗនេះ យើងសង្កេតឃើញមានការរំពឹងទុកថា រដ្ឋបាលរបស់លោកត្រាំ អាចនឹងកាត់បន្ថយការផ្គត់ផ្គង់សម្ភារៈយោធាដល់អ៊ុយក្រែន និងដាក់សម្ពាធនយោបាយលើទីក្រុងកៀវ (Kyiv)ដើម្បីបញ្ចប់ជម្លោះ។

ការណ៍នេះ​មាន​ន័យ​ថា អ៊ុយក្រែន​ នឹងមិនហ៊ាន​បង្កើនកំដៅសង្គ្រាមបន្ថែមនាពេល​​នេះ​ទេ។ ចំណែក ភាគី​រុស្ស៊ីបច្ចុប្បន្ន ​ក៏​មិន​ហ៊ានបង្កើនកំដៅទៀត​នោះ​ដែរ ព្រោះទីក្រុងមូស្គូជឿជាក់ថា រដ្ឋបាលរបស់លោកត្រាំ នឹងព្យាយាមបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស។

លោកបន្ថែមថា ដូច្នេះ វិមានក្រឹមឡាំងនឹងប្រកាន់យកវិធីសាស្រ្ត “រង់ចាំមើលស្ថានការណ៍” រហូតទាល់តែរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកថ្មី ចូលក្នុងសេតវិមាន ដោយមិនបង្កឱ្យមានកំដៅកាន់តែខ្លាំងក្នុងអំឡុងពេលនេះទេ៕ប្រភព: Newsweek៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here