ទីផ្សារអចលនទ្រព្យក្នុងទីក្រុងហ្សាការតារំពឹងបង្ហាញនិន្នាការកើនឡើងនៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៣%ទៅ៧%នៅឆ្នាំ២០២៥ខាងមុខ ដោយសារតែកត្តាផ្សេងៗ ដូចជាកំណើនសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុង។

គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដូចជាការអភិវឌ្ឍន៍ខ្សែរថភ្លើងថ្មី និងផ្លូវបង់ប្រាក់ នឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងភាពងាយស្រួលក្នុងទីក្រុងហ្សាការតា ដោយធ្វើឱ្យអចលនទ្រព្យនៅក្នុងទីក្រុងនេះកាន់តែមានភាពទាក់ទាញ។

ជាមួយគ្នានេះ កំណើនប្រជាជន និងនិន្នាការនគរូបនីយកម្មរបស់ទីក្រុងហ្សាការតា ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានតម្រូវការលំនៅដ្ឋាន។

ម៉្យាងទៀត ការកើនឡើងនៃការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះ និងការផ្តួចផ្តើមបង្កើតទីក្រុងឆ្លាតវៃក្នុងទីក្រុងហ្សាការតាកំពុងទាក់ទាញបណ្តាអ្នកវិនិយោគក្នុងស្រុក និងបរទេស ដែលនឹងជួយជំរុញកំណើននៃតម្លៃអចលនទ្រព្យនៅក្នុងសហគមន៍ទាំងនោះ។

លើសពីនេះ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាលំដាប់ ដោយជួយបង្កើនអំណាចនៃការទិញរបស់ប្រជាជនវណ្ណៈកណ្តាល និងជំរុញតម្រូវការអចលនទ្រព្យលំនៅដ្ឋាន។

ការវិនិយោគបរទេសនៅក្នុងទីផ្សារអចលនទ្រព្យរបស់ទីក្រុងហ្សាកាតាក៏ត្រូវបានគេរំពឹងថា នឹងកើនឡើង តាមរយៈគោលនយោបាយអំណោយផលរបស់រដ្ឋាភិបាល និងទីតាំងយុទ្ធសាស្ត្ររបស់ទីក្រុងនៅក្នុងតំបន់អាស៊ាន។

និន្នាការនៃការបំពេញការងារពីផ្ទះ និងក្រុម Digital Nomad នឹងបង្កើនតម្រូវការលំនៅដ្ឋានសម្រាប់រស់នៅក្នុងទីក្រុងហ្សាការតា ជាពិសេសនៅក្នុងតំបន់ដែលមានការតភ្ជាប់សេវាអុីនធឺណេតល្អប្រសើរ និងភាពងាយស្រួល។

បន្ថែមលើនេះ ការលើកទឹកចិត្តរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីចំពោះគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យត្រូវបានគេរំពឹងថានឹងជំរុញបង្កើនសកម្មភាពទីផ្សារទាំងមូល និងអាចជំរុញឱ្យតម្លៃអចលនទ្រព្យកើនឡើង។

ដោយសារតែទីក្រុងហ្សាការតាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូនេស៊ី ដូច្នេះហើយ តម្លៃដីជាមធ្យមនៅទីក្រុងនេះមានតម្លៃខ្ពស់បើប្រៀបធៀបនឹងតំបន់ផ្សេងទៀត។

គិតត្រឹមឆមាសទីមួយ ឆ្នាំនេះ ហាងឆេងដីធ្លីសម្រាប់សាងសង់លំនៅដ្ឋានក្នុងទីក្រុងហ្សាការតាមានតម្លៃជាមធ្យមចំនួន១៥,៩លានរូពីក្នុងមួយម៉ែត្រការ៉េ(ប្រហែល៩៩៩,២៨ដុល្លារ)៕ប្រភព: Bamboo Routes៕

LEAVE A REPLY

Please enter your comment!
Please enter your name here