ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលថៃគ្រោងសាងសង់ស្ពានមួយខ្សែ ដែលនឹងតភ្ជាប់ខេត្តចាន់បុរីជាអចិន្ត្រៃយ៍ជាមួយខេត្តប៉ៃលិននៅក្នុងប្រទេសកម្ពុជា ក្រោមទំហំទុនវិនិយោគប្រមាណ១៥លានបាត(ប្រហែល៤៣៣.២៥៧ដុល្លារអាមេរិក)។
លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានមានប្រសាសន៍ឱ្យដឹងថា ការសាងសង់ស្ពាននេះនឹងជំរុញពាណិជ្ជកម្មឆ្លងព្រំដែន និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ស្ពាននេះនឹងត្រូវបានប្រសិទ្ធនាមថា ជា“ស្ពានមិត្តភាពចាន់បុរី-ប៉ៃលិនថ្មី”។នៅពេលសាងសង់រួចរាល់ ស្ពានមិត្តភាពនេះនឹងជំនួសស្ពានដែកបណ្ដោះអាសន្នដែលតភ្ជាប់ខេត្តទាំង២នាពេលបច្ចុប្បន្ន។
ស្ពានបេតុងនេះនឹងមានប្រវែងប្រហែល៤០ម៉ែត្រ ដែលមានផ្លូវដើរទទឹងប្រវែង៣ម៉ែត្រស្ថិតនៅអមសងខាងគន្លងផ្លូវរថយន្ត។
គម្រោងស្ពាន ដែលនឹងចំណាយទុនវិនិយោគសាងសង់ប្រមាណ១៥លានបាតនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវផ្នែកភស្តុភារ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា។
លោក Anutin បានគូសបញ្ជាក់ថា គម្រោង“ស្ពានមិត្តភាពចាន់បុរី-ប៉ៃលិនថ្មី”គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ។
លោក Anutin បានអះអាងថា គម្រោងនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចនៅសងខាងព្រំដែនថៃ-កម្ពុជា។
គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤ ក្រុមមន្ត្រីថៃ និងកម្ពុជា បានរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា (MoU) សម្រាប់គម្រោងនេះ ដែលត្រូវបានរំពឹងថា នឹងដាក់ជូនគណៈរដ្ឋមន្ត្រីថៃ ដើម្បីអនុម័តក្នុងពេលឆាប់ៗខាងមុខ។
នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានអនុម័តគំនិតផ្តួចផ្តើមនេះជាគោលការណ៍រួចមកហើយ ហើយស្ពាននេះនឹងត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ៕ប្រភព: Bangkok Post៕