ក្រុមហ៊ុនរដ្ឋចិនប្រកាសបោះទុនសាងសង់គម្រោងអាផាតមុិនខ្នាតយក្សមួយនៅក្រៅប្រទេស

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់រដ្ឋាភិបាលចិនកំពុងសហការជាមួយក្រុមហ៊ុននៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចាប់ផ្តើមសាងសង់គម្រោងលំនៅដ្ឋានខ្នាតយក្សមួយនៅក្នុងទីក្រុងរីយ៉ាដ ស្របពេលទីផ្សារអចលនទ្រព្យក្នុងស្រុកបន្តធ្លាក់ចុះ។

ក្រុមហ៊ុនរដ្ឋចិន Citic Construction បានប្រកាសពីគម្រោង Tilal Khuzam ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិ King Khalid ដោយសហការជាមួយនឹងក្រុមហ៊ុនលំនៅដ្ឋានជាតិអារ៉ាប៊ីសាអូឌីត (NHC) និងក្រុមហ៊ុនអចលនទ្រព្យ Rafal ក្នុងអំឡុងពេលពិព័រណ៍ Cityscape Global ក្នុងរាជធានីរបស់អារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន។

គម្រោងនេះត្រូវបានគេហៅម្យ៉ាងទៀតថា “Khuzam Hills” រួមមានដំណាក់កាលអភិវឌ្ឍន៍ជាច្រើន ដែលដំណាក់ដំបូងគ្រោងនឹងបញ្ចប់ការស្ថាបនានៅឆ្នាំ២០២៦។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន Rafal ។ អាផាតមុិនសរុបចំនួន៣.៥០០យូនីត នឹងត្រូវបានស្ថាបនាឡើងលើផ្ទៃដីប្រមាណ៦៣០.០០០ម៉ែត្រការ៉េ។

តាមរយៈចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានប្រកាសឡើងក្នុងឆ្នាំ២០១៩ ដោយព្រះអង្គម្ចាស់ Mohammed bin Salman អារ៉ាប៊ីសាអូឌីតកំពុងជំរុញវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ក្នុងគោលបំណងទាក់ទាញធនធានមនុស្សជាសកល ដើម្បីជួយផ្លាស់ប្តូរ និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត ដែលពឹងផ្អែកខ្លាំងលើធនធានប្រេង។

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមកម្មវិធីលំនៅដ្ឋានរបស់ខ្លួននៅឆ្នាំ២០១៨ ដោយក្លាយជាប្រទេសដំបូងគេនៅទូទាំងពិភពលោក ដែលបានកំណត់ដាក់គោលដៅកម្មសិទ្ធិលំនៅដ្ឋានក្នុងកម្រិតយុទ្ធសាស្ត្រថ្នាក់ជាតិរបស់ខ្លួន។

ក្នុងនាមជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នោះ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតក៏កំពុង​ខិតខំពង្រឹង​ចំណង​មិត្តភាពរបស់ខ្លួនជាមួយរដ្ឋាភិបាលនៃប្រទេសចិនផងដែរ។

អារ៉ាប៊ីសាអូឌីតក៏បានបង្កើតក្រុមហ៊ុនលំនៅដ្ឋានជាតិអារ៉ាប៊ីសាអូឌីត (NHC) និងអាជ្ញាធរ​​ទូទៅនៃផលិតកម្មអចលនទ្រព្យ (REGA) ដោយដាក់ឱ្យចំណុះក្រោមក្រសួងលំនៅដ្ឋាន និងកិច្ចការទីក្រុង-ជនបទ ដើម្បីសម្រួលដល់ការអនុវត្តន៍ការងារក្នុងកម្មវិធីសាងសង់លំនៅដ្ឋានថ្មីឱ្យបានចំនួន៣០មុឺនយូនីតនៅឆ្នាំ២០៣០ខាងមុខ៕ប្រភព: SCMP ៕

LEAVE A REPLY

Please enter your comment!
Please enter your name here