តើការជួលទីតាំងលក់រាយនៅលើដងវិថីធំៗទាំង៦របស់តំបន់អាស៊ានមានតម្លៃបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield អះអាងថា ទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចយ៉ាងណាក្តី ក៏ការជួលទីតាំងលក់រាយ នៅតាមវិថីសំខាន់ៗទូទាំងពិភពលោក បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ខណៈតម្លៃជួលបន្តមានការកើនឡើង។

បណ្តាម្ចាស់អាជីវកម្មលក់រាយ បានបន្តកំណត់គោលដៅជួលទីតាំងសំខាន់ៗ ដែលមានសក្តានុពល ក្នុងការទាក់ទាញអតិថិជន ដោយបង្ហាញពីភាពបត់បែន និងភាពរឹងមាំរបស់ពួកគេ និងការសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរនៃលក្ខខណ្ឌសេដ្ឋកិច្ច និងតម្រូវការរបស់អ្នកប្រើប្រាស់។

ខាងក្រោមនេះ ជាតម្លៃជួលទីតាំងលក់រាយ នៅតាមតំបន់ និងវិថីធំៗចំនួន៦ក្នុងតំបន់អាស៊ាន។

ទី១: ទីក្រុងសិង្ហបុរី

វិថី Orchard Road នៅទីក្រុងសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាទីតាំងលក់រាយ ថ្លៃបំផុតរបស់តំបន់អាស៊ាន ដែលមានតម្លៃជួលចំនួន៤៦៨ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ កើនឡើង២ភាគរយ ធៀបនឹង    រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទី២: ទីក្រុងហូជីមិញ ប្រទេសវៀតណាម

វិថី Dong Khoi របស់ទីក្រុងហូជីម៉ិញ បានជាប់ចំណាត់ថ្នាក់ជាទីតាំងលក់រាយថ្លៃបំផុតទី២ របស់តំបន់អាស៊ាន ដែលមានតម្លៃជួលចំនួន៣៦៨ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ធ្លាក់ចុះ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទី៣: ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

វិថី Suria KLCC ក្នុងទីក្រុងគូឡាឡាំពួរ ជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានតម្លៃជួលទីតាំងលក់រាយ ចំនួន២៧៧ដុល្លារក្នុងមួយហ្វីតការ៉េ ក្នុងមួយឆ្នាំ កើនឡើង៦ភាគរយ ធៀបនឹង      រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទី៤: ទីក្រុងបាងកក ប្រទេសថៃ

តំបន់លក់រាយកណ្តាល(Central Retail District)ក្នុងទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងនាមជាទីតាំងលក់រាយថ្លៃជាងគេទី៤ របស់តំបន់អាស៊ាន ដែលមានតម្លៃជួលចំនួន១២៦ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទី៥: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

តំបន់ Prime area ក្នុងទីក្រុងហ្សាការតា ជាប់ចំណាត់ថ្នាក់លេខ៥ ដែលមានតម្លៃជួលទីតាំងលក់រាយ ចំនួន៩៣ដុល្លារក្នុងមួយហ្វីតការ៉េ ក្នុងមួយឆ្នាំ កើនឡើង៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ទី៦: ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

វិថី Ginza ក្នុងផ្សារទំនើប Bonifacio High Street នៃទីក្រុងម៉ានីល បានជាប់ចំណាត់ថ្នាក់លេខ៦ ដែលមានតម្លៃជួលទីតាំងលក់រាយចំនួន៥១ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: Cushman & Wakefield៕

LEAVE A REPLY

Please enter your comment!
Please enter your name here