ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមសហគ្រិនសារព័ត៌មានសេដ្ឋលកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ ទីប្រឹក្សា និងសមាជិក សមាជិកាទាំងអស់ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូនចំពោះ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលត្រូវបាន សភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព (IPTP) នៃក្រុមប្រឹក្សាសកលដើម្បីការអត់ឱន និងសន្តិភាព (GCTP) ប្រគល់ “ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី” នាឱកាសដ៏មហានក្ខត្តឫក្ស នៃសម័យប្រជុំពេញអង្គលើកទី១១ របស់ IPTP ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
សម្តេចតេជោ ត្រូវបានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការមេដាយសន្តិភាព ដែលតំណាងឱ្យ សភាចំនួន១០៥ ជាសមាជិកនៃIPTP និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) មកពីអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ទទួលស្គាល់ជាពិសេស និងកោតសរសើរ វាយតម្លៃយ៉ាងខ្លាំង ចំពោះការរួមចំណែកដ៏ធំធេងរបស់ សម្តេចតេជោ ប្រកបដោយពលិកម្មគ្រប់បែបយ៉ាង សូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ធ្វើឱ្យប្រជាជនទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ រួមរស់ជាមួយគ្នាដោយសន្តិភាព និងភាពអត់ឱន ជាមួយនឹង ភាពសុខដុមរមនាផ្នែកសង្គម និងសាសនា និងការអភិវឌ្ឍ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។