ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន និងកំពុងរៀបចំការងារអាទិភាព នៃការងារលំនៅឋានរបស់អគ្គនាយកដ្ឋានលំនៅឋាន គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ។
អគ្គនាយកដ្ឋាន អគ្គនាយកលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបេង ហុង សុជាតិខេមរ៉ូបានមានប្រសាសន៍ ក្នុងពិធីបើកសន្និបាតក្រសួងកាលពីថ្ងៃទី២៥ វិច្ឆិកាថា បាននិងកំពុងឆ្លើយតប ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅគោលនយោបាយអាទិភាព២ចំណុច ក្នុងចំណោមទិសដៅអាទិភាព គោលនយោបាយទាំង១៥ចំណុច របស់ក្រសួង សម្រាប់នីតិកាលទី៧ ដែលជាការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច។
ចំពោះការងារអាទិភាព នៃការងារលំនៅឋានរបស់អគ្គនាយកដ្ឋានលំនៅឋាន គឺការរៀបចំលំនៅឋានជាទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទ ដែលរួមមាន៖
ទី១- លំនៅឋានជាទ្រនំសុភមង្គល (House of Happiness)៖ គឺផ្តោតទៅលើការរៀបចំផ្ទះ ដោយគិតគូរដល់មនុស្សចាស់ (ឪពុកមា្តយ គ្រួសារ) សុខមាលភាពផ្លូវចិត្ត ទំនាក់ទំនងរវាងឪពុកមា្តយ និងកូន ការរស់នៅជួបជុំគ្រួសារ ក្រោមដំបូលផ្ទះតែមួយ តាមទំនៀមទំលាប់ខ្មែរ និងបំណិនជីវិត។
ទី២ – ភូមិឋានក្សេមក្សាន្ត (Village of Peacefulness)៖ ការពង្រឹងការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ភាពស៊ីវីល័យ (ប្រជាជនដែលស្គាល់ពីខ្លួនឯង និងប្រកបដោយបញ្ញាវន្តភាព ស្គាល់ពីពិភពលោក មិនរើសអើង)។
ទី៣ – បុរីជនបទ (Rural Community/Rural Borei)៖ ការគិតគូរពីកញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា) ផែនការគ្រប់គ្រង និងការកំណត់ការប្រើប្រាស់ដី និងការបង្កើនតម្លៃសេដ្ឋកិច្ច។
លើសពីនេះ អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម បានបំពេញការងារអាទិភាព ដែលត្រូវបានកំណត់ជាសមរភូមិទី៤ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងរៀបចំដែនដី និងនគរូបនីយកម្មកម្ពុជា ឱ្យក្លាយទៅជាដែនដីសុវណ្ណភូមិ ដែលយើងអាចគ្រប់គ្រង និងប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាពនូវធនធាន និងសក្តានុពល ដោយឈរលើគោលការណ៍ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន៕