ដោយៈ និស្ស័យ
ភ្នំពេញៈ គិតរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋជិត១ម៉ឺនគ្រួសារហើយបានចាកចេញពីតំបន់អង្គរ ទៅរស់នៅតំបន់ពាក់ស្នែង និងទីក្រុងរ៉ុនតាឯកតេជោសែន។
យោងតាមរបាយការណ៍លើកឡើងដោយ លោក លាង មុនីរីទ្ឋ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីបើកសន្និបាតការងារ របស់ក្រសួងកាលពីថ្ងៃទី២៥ វិច្ឆិកាបានឲ្យដឹងថា ទី៣ មកដល់ពេលនេះ មានគ្រួសារប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាប់ឆ្នោត ទទួលយកគោលនយោបាយជាដីឡូត៍ ទៅរស់នៅទីតាំងថ្មីសរុប៩៩០៤គ្រួសារ ក្នុងនោះ ទៅតំបន់អភិវឌ្ឍរុនតាឯក៥៨៦៥គ្រួសារ (ទទួលបានបណ្ណកម្មសិទ្ធិលើដីឡូត៍៥៦៨៦) និងតំបន់អភិវឌ្ឍពាក់ស្នែង៤០៣៩គ្រួសារ។
លោកបញ្ជាក់ថា “ការរៀបចំតំបន់រមណីយដ្ឋាន ឧទ្យានជាតិអង្គរ ជាការលើកកម្ពស់ជីវភាពរស់នៅ។ សិទ្ធិកាន់កាប់អចលនទ្រព្យ”។ លោកបន្ថែមថា “ការរៀបចំអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំក្រុង នគរូបនីយកម្ម បុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល អ្នកស្រុកអង្គរ”។
ការរៀបចំនេះធ្វើឡើង ក្នុងគោលដៅរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ ឱ្យកាន់តែប្រសើរ ក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័ន សហគមន៍ និងអង្គការពាក់ព័ន្ធ និងការដឹកនាំផ្ទាល់ ពីលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួង ដ.ន.ស និងជាប្រធានក្រុមការងារអន្តរក្រសួង។
ថ្នាក់ដឹកនាំក្រសួង បានចុះសិក្សាអំពីស្ថានភាពជាក់ស្តែងតំបន់ ដែលប៉ះពាល់ដល់ប្រាង្គប្រាសាទ បុរាណដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប រួមមាន ទី១. ការចុះស្រង់ទិន្នន័យក្បាលដីមានសំណង់ ក្បាលដីកសិកម្ម ស្ថិតិចំនួនប្រជាពលរដ្ឋ គ្រួសារពលរដ្ឋ នៅក្នុងតំបន់ការពារទី១ និងតំបន់ការពារទី២ នៃភូមិបុរាណទាំង១១៤ភូមិ។
ទី២ ឈរលើគោលដៅ លើកកម្ពស់ជីវភាពរស់នៅ សិទ្ធិកាន់កាប់អចលនទ្រព្យ រាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍន៍តំបន់រុនតាឯក និងពាក់ស្នែង ដើម្បីផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តប្តូរទៅរស់នៅ ក្នុងតំបន់អភិវឌ្ឍន៍ទាំង២ តាមរយៈការចាប់ឆ្នោត ដោយក្នុងមួយគ្រួសារ ទទួលបានដីឡូត៍ទំហំ ២០មx៣០ម និងផ្តល់នូវការកសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម និងគោលនយោបាយផ្សេងទៀត។ល។៕