ការព្យាករណ៍ៈ ទីផ្សារការិយាល័យនៅទីក្រុងបាងកករំពឹងស្ទុះងើបឡើងវិញខ្លាំងនៅចន្លោះឆ្នាំ២០២៥ និងឆ្នាំ២០២៦

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារជួលការិយាល័យ នៅក្នុងប្រទេសថៃចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ នឹងបង្ហាញសញ្ញាប្រសើរឡើងស្របតាមនិន្នាការ កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងរង្វង់ពី៣%ទៅ៤%។ នេះបើយោងតាមក្រុមហ៊ុន Krungsri Research។

តម្រូវការបន្ទប់ការិយាល័យ ក្នុងរាជធានីបាងកក ត្រូវបានព្យាករណ៍ថា នឹងកើនឡើងចាប់ពី១%ទៅ២% ក្នុងមួយឆ្នាំ  ដោយសារសកម្មភាពសេដ្ឋកិច្ច កំពុងស្ទុះងើបឡើងវិញបន្តិចម្តងៗ។ ការណ៍នេះនឹងគាំទ្រ ដល់ការពង្រីកការងារនៅក្នុងវិស័យនានាដូចជា សេវាកម្ម ទំនិញប្រើប្រាស់ និងទីតាំងធ្វើការរួមគ្នា។

ការស្រាវជ្រាវបានបន្តថា ចំនួនជនបរទេសដែលគ្របដណ្តប់ចំណែក៦០% នៃចំនួនអ្នកជួលសរុប នឹងជំរុញតម្រូវការការិយាល័យកម្រិត A និងកម្រិត A+ ដែលមានគុណភាពខ្ពស់ និងទំនើប នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងបាងកក។

ក្រុមហ៊ុននានាកំពុងផ្លាស់ប្តូរ ទីតាំងធ្វើការកាន់តែច្រើនឡើងទៅកាន់អគារថ្មី ដែលមានគ្រឿងបរិក្ខារចាំបាច់ ដូចជាម៉ាស៊ីនត្រជាក់ទំនើប ប្រព័ន្ធជណ្តើរយន្ត និងមានទីតាំងនៅជិតផ្លូវដឹកជញ្ជូនធំៗ។

ជាពិសេស អគារការិយាល័យបៃតងថ្មី ដែលត្រូវបានសាងសង់ឡើងតាមស្តង់ដារសកល ដូចជា និរន្តភាពថាមពល ការការពារបរិស្ថាន សុខភាព ឬការតភ្ជាប់ឌីជីថលនឹងមានតម្រូវការខ្ពស់ ដោយសារការអភិវឌ្ឍន៍បៃតង មានទិសដៅស្របតាមគោលដៅនិរន្តរភាពរបស់ក្រុមហ៊ុនធំៗ។

លើសពីនេះ គម្រោងអភិវឌ្ឍន៍អគារការិយាល័យ ដែលលើកកម្ពស់សុខុមាលភាព ដូចជាការបង្កើតទីធ្លាបៃតង ឬកន្លែ​ងហាត់ប្រាណ ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ។

ដោយឡែក ការផ្គត់ផ្គង់ការិយាល័យ ត្រូវបានគេរំពឹងថានឹងកើនឡើងចន្លោះពី១,៥%ទៅ២% ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ទំហំផ្ទៃក្រឡាការិយាល័យថ្មីចំនួន៨០% ដែលគ្រោងចាក់បញ្ចូលទៅកាន់ទីផ្សារ ក្នុងឆ្នាំ២០២៥ដល់ឆ្នាំ២០២៦ ជាប្រភេទការិយាល័យកម្រិត A និងកម្រិត A+។

LEAVE A REPLY

Please enter your comment!
Please enter your name here