ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហើបអំពីគម្រោងក្នុងការរៀបចំក្រុងថ្មី ដោយត្រូវកំណត់ឲ្យបានច្បាស់លាស់តំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋានផ្សេងៗ។
សម្តេចជម្រុញធ្វើយ៉ាងណា មិនឲ្យនៅប្រមូលផ្ដុំគ្នានោះឡើយ ចៀសវាងផលរំខាន់ដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការបង្ហើបពីគម្រោងក្នុងកំណត់ទីតាំង ដោយចែកឲ្យដាច់ពីតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ និងតំបន់សប្បាយដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា នៅពេលបច្ចុប្បន្ននេះ តំបន់ទាំងអស់នោះបានប្រមូលផ្ដុំគ្នា ដោយមិនមានការកំណត់ច្បាស់លាស់។ ដូច្នេះក្នុងករណីក្រុងថ្មីត្រូវបានបង្កើត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំផែនការមេក្នុងការកំណត់នេះ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ខ្ញុំតែងតែឲ្យគិតនៅពេលរៀបចំក្រុងថ្មី ត្រូវកំណត់កន្លែងណាជាតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ នៅពេលចេញអាជ្ញាប័ណ្ណ ចៀសវាងការយកបៀហ្គាឌិន ទៅដាក់កន្លែងតំបន់រស់នៅ ដោយកំណត់ទីតាំងច្បាស់លាស់នៅម្ដុំ ជៀសវាងបង្កើតបញ្ហា”។
សម្ដេចមហាបវរធិបតីបានបន្តថា កន្លងទៅសម្ដេចធ្លាប់ទទួលបាននូវ សំណូមពរឲ្យជួយដោះស្រាយ ពីផលរំខានដោយសារការធ្វើអាជីវកម្មផ្ទះត្រចៀកកាំ នៅជាមួយភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ។ ដូច្នេះចាប់ពីពេលនេះទៅ សម្ដេចបានណែនាំថា មុននឹងចេញអាជ្ញាប័ណ្ណ ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឲ្យមានការរំខាន់ដល់ការរស់នៅ។
បើទោះបីមិនទាន់បង្ហើបថា ក្រុងថ្មីត្រូវបានបង្កើននៅតំបន់ណាក្ដី ប៉ុន្ដែសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំទៀតថា ទាំងការរៀបចំសោភណ្ឌភាព និងរៀបចំផ្លូវសម្រាប់ធ្វើចរាចរណ៍ឲ្យបានធំទូលាយ ពិសេសផ្លូវសម្រាប់រថយន្ដក្រុងដែលធ្វើដំណើរជារួម មិនអាចតូចដូចផ្លូវសម្រាប់មធ្យោបាយឯកជននោះទេ ពោលការរៀបចំគន្លងផ្លូវឲ្យបានធំ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យបន្តជំរុញរៀបចំផែនការមេ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការអភិរក្ស និងអភិវឌ្ឍទីក្រុង ទីប្រជុំជនជាពិសេសការគិតគូរពង្រីកបន្ថែម លើការរៀបចំសួនសាធារណៈ និងឧទ្យានបៃតង ដើម្បីប្រែក្លាយទៅជាទីក្រុង ទីប្រជុំជន ដែលអាចរស់នៅបាន សម្រាប់ទាំងអស់គ្នា ប្រកបដោយសោភណ្ឌភាព, ទស្សនីយភាព សុវត្ថិភាព បរិស្ថានល្អគួរឲ្យរស់នៅ។
ជាមួយគ្នានេះ សម្ដេចស្នើឲ្យក្រសួងរៀបចំដែនដី ប្រែក្លាយទស្សនទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឲ្យក្លាយទៅជាសកម្មភាពជាក់ស្តែង ឲ្យបានឆាប់ ដោយឈរលើគោលនយោបាយ និងផែនការសកម្មភាពជាក់ស្ដែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូប អាចរស់នៅបានប្រកបដោយ ចំណេះដឹង និងមានភាតរភាពជាបងប្អូន៕