សម្តេចធិបតីជម្រុញការវិនិយោគតំបន់ឧស្សាហកម្មនៅខេត្តកំពង់ឆ្នាំនិងបណ្តាខេត្តជុំវិញបឹងទន្លេសាប

ចែករំលែក

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អាចជាដំណឹងល្អមួយ សម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជម្រុញឲ្យមានការវិនិយោគតំបន់ឧស្សាហកម្ម កសិឧស្សាហកម្ម ទេសចរណ៍នៅខេត្តកំពង់ឆ្នាំង។

        សម្តេចបានថ្លែងក្នុងពិធីបិទសន្និបាត ការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាល្ងាចថ្ងៃទី២៦ វិច្ឆិកាថា ខេត្តកំពង់ឆ្នាំង ជាខេត្តដែលគេមកផុត ទៅផុត ហេតុនេះ សម្តេចនឹងជម្រុញឲ្យមានការវិនិយោគ តំបន់ឧស្សាហកម្ម តំប​ន់​សេដ្ឋកិច្ចពិសេសក្នុងខេត្តនេះ និងបណ្តាខេត្តជាប់បឹងទន្លេរសាប ដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋ ក្នុងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ។

        សម្តេចបន្តថា “ប្រសិនជាប្រជាពលរដ្ឋ ធ្វើស្រែ១០០ហិកតា ក្នុងមួយឆ្នាំមួយហិតតាបានស្រូវ៥តោន គឺបានស្រូវតែ៥០០តោន មិនបានចំណូលច្រើនទេ ប៉ុន្តែបើរដ្ឋាភិបាលបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ទេសចរណ៍ ប្រជាពលរដ្ឋនឹងមានការងារធ្វើ ហើយទទួលបានផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចច្រើនជាង”។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានឯកភាពតាមការស្នើសុំរបស់អភិបាលខេត្តកំពង់ធំ ក្នុងការបង្កើតតំបន់ឧស្សាហកម្មស្វាយចន្ទីរ ដើម្បីបង្កើតប្រភពចំណូលថ្មី ដល់ប្រជាពលរដ្ឋ ដែលរស់នៅលើដីតំបន់៣។

សម្ដេចបវរធិបតីបានបញ្ជាក់ថា “ខ្ញុំឯកភាព ដីរបស់រដ្ឋយើ​ងយកទៅបង្កើតទៅ មិនមែនបង្កើតឱ្យឯកជនទេ គឺនៅតែជាដីរបស់រដ្ឋដដែល។ រដ្ឋចេញដី ឯកជនចេញគម្រោង ធ្វើរួមគ្នា បង្កើតតំបន់កសិឧស្សាហកម្ម ស្វាយចន្ទីនៅកំពង់ធំ បង្កើតប្រជាជនដែលនៅតំបន់៣ និងនៅតំបន់ក្បែរនោះ សម្រាកធ្វើស្រែ ហើយទៅធ្វើការនៅទីនោះ មានការងារដល់ទៅ១២ខែ។

សម្ដេចបវរធិបតី បានបន្តថា សម្ដេចនឹងជម្រុញគ្រប់ខេត្តទាំងអស់ សូមអភិបាលរាជធានី ខេត្តទាំងអស់ធ្វើកិច្ចការងារបែបនេះបន្ត ដើម្បីឱ្យយើងបានផលចំណេញ គ្រប់កន្លែងទាំងអស់ មានដូចជា កន្លែងតំបន់ឧស្សាហកម្ម តំបន់កសិឧស្សាហកម្ម ក្នុងគោលបំណងប្រែក្លាយសេដ្ឋកិច្ច។ ដូច្នេះហើយការពឹងផ្អែកជីវភាព ទៅលើតំបន់៣នោះក៏លែងមាន ថ្ងៃក្រោយយើងគ្រប់គ្រងបាន ដោយបង្កើតប្រភពចំណូល សម្រាប់ប្រជាជននៅទីនោះ៕

 


ចែករំលែក