ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យនៅសង្កាត់ Manhattan នៅក្នុងទីក្រុងញូវយ៉ក ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំរបស់សហរដ្ឋអាមេរិក បានបង្ហាញសញ្ញាវិជ្ជមាន គួរឱ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះ។
សកម្មភាពជួលការិយាល័យ នៅសង្កាត់ Manhattan បានកើនឡើង៥,៦% ដល់ចំនួន៨,៦៣លានហ្វីតការ៉េ ក្នុងកំឡុងត្រីមាសទី៣ ឆ្នាំ២០២៤។ នេះជាទំហំនៃការជួលប្រចាំត្រីមាសដ៏ធំបំផុតរបស់សង្កាត់ Manhattan ក្នុងរយៈពេល២ឆ្នាំកន្លងមក។
ដោយឡែក ទំហំនៃការជួលការិយាល័យ នៅសង្កាត់ Manhattan ក្នុងរយៈពេល៣ត្រីមាសដំបូង នៃឆ្នាំ២០២៤ មានសរុបចំនួន២៣,១៤លានហ្វីតការ៉េ។ នេះបើយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers អះអាងថា ប្រសិន បើតម្រូវការការិយាល័យ នៅតែបន្តកើនឡើងដល់ដំណាច់ឆ្នាំនេះ តម្រូវការពេញមួយឆ្នាំ នឹងកើនឡើងដល់កម្រិតលើសពី៣០លានហ្វីតការ៉េ ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ។
យ៉ាងណាមិញ តួលេខខាងលើនេះ នៅតែមានកម្រិតទាបជាងឆ្នាំ២០១៩ ដែលមានតម្រូវការជួលការិយាល័យ សរុបចំនួ ន៤២,៩៧លានហ្វីតការ៉េ។
ជាមួយគ្នានេះ តម្លៃជួលការិយាល័យជាមធ្យម នៅក្នុង សង្កាត់ Manhattan បានថយចុះ០,៣ភាគរយ ក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៤មកនៅត្រឹម ចំនួន៧៤,០៧ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ បើប្រៀបធៀបនឹងតម្លៃជួល ជាមធ្យមចំនួន៧៤,២៦ដុល្លារ ក្នុងមួយហ្វីតការ៉េកាលពីត្រីមាសទី២។
ការិយាល័យកម្រិតA គ្របដណ្តប់ចំនួន៦៩% នៃទំហំនៃការជួលការិយាល័យសរុប នៅសង្កាត់ Manhattan ក្នុងត្រីមាសទី៣។ ប៉ុន្តែតួលេខនេះមានការថយចុះ បើប្រៀបធៀបនឹងចំណែក នៃការជួលការិយាល័យកម្រិត A ចំនួន៧៦,២% ក្នុងកំឡុងត្រីមាសទី២។
ក្រុមហ៊ុនវិនិយោគខ្នាតយក្ស របស់សហរដ្ឋអាមេរិក Blackstone បានពង្រីកការជួលទំហំការិយាល័យរបស់ខ្លួនបន្ថែ មចំនួន១.០៦១.០០០ហ្វីតការ៉េ នៅក្នុងអគារខ្ពស់កប់ពពក 345 Park Avenue ស្ថិតនៅចំកណ្តាលសង្កាត់ Manhattan ដែលជាប្រតិបត្តិការជួលដ៏ធំបំផុត នៅត្រីមាសទី៣ឆ្នាំនេះ៕ប្រភព: Colliers៕