ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាធនាគារនានា និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មជាច្រើនបានសម្រេចទិញអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ជាជាងការជួលអចលនទ្រព្យទាំងនោះ។
តួយ៉ាង ក្រុមហ៊ុន Nippon Life India Asset Management Ltd ថ្មីៗនេះបានទិញអចលនទ្រព្យពាណិជ្ជកម្មចំនួន២នៅអគារ One Lodha Place ក្នុងតំបន់ Lower Parel នៃទីក្រុងបុមបៃ ក្នុងតម្លៃសរុបប្រមាណ៥៧,៥៥លានដុល្លារអាមេរិក។
ក្រុមអ្នកជំនាញបានលើកឡើងថា និន្នាការដែលបណ្តាក្រុមហ៊ុនហិរញ្ញវត្ថុសម្រេចចិត្តជ្រើសរើសទិញអចលនទ្រព្យពាណិជ្ជកម្មជាជាងការជួលបានឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿយ៉ាងមុតមាំលើបរិយាកាសអាជីវកម្ម និងទំនុកចិត្តលើនិរន្តរភាពនៃប្រព័ន្ធអេកូសេដ្ឋកិច្ចរបស់ឥណ្ឌា។
យោងតាមឯកសារពីភ្នាក់ងារអចលនទ្រព្យ Square Yards បានឱ្យដឹងថា អចលនទ្រព្យពាណិជ្ជកម្មទាំង២យូនីត ដែលទិញដោយក្រុមហ៊ុន Nippon Life India Asset Management មានទំហំផ្ទៃក្រឡាសរុបចំនួន៤៨៤៦,០១ម៉ែត្រការ៉េ។
ដោយឡែក កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន ICICI Prudential Asset Management Limited បានទិញដីទំហំ១.៤៦៤ម៉ែត្រការ៉េ រួមជាមួយអគារពាណិជ្ជកម្មកម្ពស់១២ជាន់ នៅតំបន់ Santacruz East ជិតអាកាសយានដ្ឋានអន្តរជាតិក្រុងបុមបៃ ក្នុងទំហំទឹកប្រាក់ប្រមាណ៣៧,៣លានដុល្លារ។
លោក Anand Moorthy សហស្ថាបនិកនៃភ្នាក់ងារអចលនទ្រព្យ Square Yards បានលើកឡើងថា “ក្នុងឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា ទីក្រុងបុមបៃបន្តដើរតួនាទីក្នុងការទាក់ទាញបានទាំងបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនពហុជាតិសាសន៍ ដែលឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ទីក្រុងបុមបៃនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា”។
ការសម្រេចចិត្តជ្រើសរើសទិញជាជាងការជួល ក៏បង្ហាញឲ្យឃើញផងដែរពីការប្តេជ្ញាចិត្តរបស់បណ្តាក្រុមហ៊ុននានាចំពោះកំណើន និងស្ថិរភាពរយៈពេលវែងរបស់ទីក្រុងបុមបៃ៕ប្រភព: Hindustan Times៕