ដោយ: គង់ លាងហួរ
អន្តរជាតិ: សេតវិមានបានប្រកាសថា បណ្តាក្រុមហ៊ុននានាបានប្តេជ្ញាបោះទុនវិនិយោគជាង១ទ្រីលានដុល្លារនៅក្នុងវិស័យឧស្សាហកម្មរបស់សហរដ្ឋអាមេរិកដូចជាបន្ទះឈីប និងថាមពលស្អាតក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។
ប្រធានាធិបតីអាមេរិកទី៤៦រូបនេះ បានចាត់ទុកច្បាប់ស្តីពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងច្បាប់បន្ទះឈីប និងវិទ្យាសាស្រ្ត និងច្បាប់កាត់បន្ថយអតិផរណាដែលបានអនុម័តក្រោមរដ្ឋបាលរបស់លោក ថា ជាកត្តាជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតការងារបន្ថែមទៀតនៅទូទាំងប្រទេស។
លោក បៃដិន បានថ្លែងថា “យើងបានអនុម័តច្បាប់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធរបស់យើងឡើងវិញ កសាងសេដ្ឋកិច្ច ថាមពលស្អាត និងនាំយកវិស័យផលិតកម្មត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ បន្ទាប់ពីក្រុមហ៊ុនអាមេរិកជាច្រើនបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេទៅបរទេសជាច្រើនទសវត្សរ៍”។
ការឧបត្ថម្ភធននៅក្រោមច្បាប់ទាំងនេះបានទាក់ទាញបណ្តាក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនផ្សេងទៀតជាច្រើនឱ្យចូលមកបង្កើត ឬពង្រីកទីតាំងផលិតរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក្តី ការវិនិយោគទាំងនេះមិនគ្រប់គ្រាន់ទេ ខណៈសមាជិកបក្សប្រជាធិបតេយ្យរបស់លោកបៃដិន បានបាត់បង់ការគ្រប់គ្រងសេតវិមាន និងព្រឹទ្ធសភាអាមេរិកក្នុងការបោះឆ្នោតកាលពីដើមខែវិច្ឆិកានេះ ហើយថែមទាំងបរាជ័យក្នុងការដណ្តើមយកសភាតំណាងសហរដ្ឋអាមេរិកត្រឡប់មកវិញ។
សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនបានដាក់ការស្តីបន្ទោសនេះលើការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច ទោះបីជារដ្ឋបាលលោកបៃដិន បានបង្កើតគោលនយោបាយ ដើម្បីលើកកំពស់ជីវភាពអ្នកធ្វើការ និងប្រជាជនវណ្ណៈកណ្តាល ដូចជា កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការហក់ឡើងនៃតម្លៃទំនិញ និងការគាំទ្រដល់សហជីពយ៉ាងណាក្តី។
យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីសប្តាហ៍មុនបានរកឃើញថា ប្រជាជនអាមេរិកចាត់ទុកអត្រាអតិផរណាជាបញ្ហាសំខាន់ ហើយពួកគេទទូចឱ្យលោកដូណាល់ត្រាំ ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មី ដោះស្រាយបញ្ហាតម្លៃទំនិញក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់លោកនៅក្នុងសេតវិមាន៕ប្រភព: Reuters៕