ដោយ: គង់ លាងហួរ
ម៉ានីល: នារយៈពេល៣ខែមកនេះ ចាប់តាំងពីរដ្ឋាភិបាលហ្វីលីពីនបញ្ជាឱ្យក្រុមហ៊ុនល្បែងសុីសងបរទេស(POGOs)បិទទ្វារ តម្រូវការទីផ្សារការិយាល័យនៅទីក្រុងម៉ានីល បានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២១។
នៅត្រីមាសទី៣ ឆ្នាំនេះ ទំហំផ្ទៃក្រឡាការិយាល័យនៅក្នុងទីក្រុងម៉ានីល ដែលត្រូវបានស្រូបយកដោយទីផ្សារ(Absorption)បានធ្លាក់ចុះចំនួន៣៣.០០០ម៉ែត្រការ៉េ ដោយសារការបញ្ចប់កិច្ចសន្យាជួលដោយបណ្តាក្រុមហ៊ុនល្បែងសុីសងបរទេសនានា។
ស្របពេលដែលបញ្ហានេះបានបង្កើនក្តីបារម្ភ ជាពិសេសសម្រាប់អ្នកអភិវឌ្ឍន៍មួយចំនួន ប៉ុន្តែ សូចនាករផ្សេងទៀត ដូចជាតម្រូវការបានបង្ហាញឱ្យឃើញនូវសញ្ញានៃភាពធន់ ដោយផ្តល់នូវសុទិដ្ឋិនិយមចំពោះទីផ្សារការិយាល័យដ៏មានការប្រកួតប្រជែង។
តម្រូវការការិយាល័យនៅក្នុងត្រីមាសទី៣ មានដំណើរការល្អប្រសើរ បើធៀបនឹងកម្រិតមធ្យមភាគប្រចាំត្រីមាសចំនួន១៧៤.០០០ម៉ែត្រការ៉េ។ការណ៍នេះបង្ហាញពីតម្រូវការដ៏រឹងមាំ ខណៈបណ្តាក្រុមហ៊ុនបែបប្រពៃណី និងក្រុមហ៊ុន Outsourcing នៅតែបន្តជួលយកទីតាំងទំនេរ។
នៅក្នុងដំណើរការអាជីវកម្ម ពាក្យ“Outsourcing” សំដៅទៅលើការផ្តល់កិច្ចសន្យាលើដំណើរការអាជីវកម្មរបស់ខ្លួនទៅឱ្យភាគីទីបីបំពេញប្រតិបត្តិការជំនួស។ Outsourcing បានក្លាយជាពាក្យដ៏មានប្រជាប្រិយនៅ សហរដ្ឋអាមេរិក នៅក្នុងរង្វង់ដើមសតវត្សរ៍ទី២១។ Outsourcing រាប់បញ្ចូលទាំងកិច្ចសន្យាជាមួយដៃគូក្នុងប្រទេសផង និងដៃគូនៅបរទេសផងដែរ។
ការណ៍នេះក៏ជាសញ្ញាបង្ហាញថា ការហាមប្រាមមិនឱ្យក្រុមហ៊ុនល្បែងបរទេសបន្តធ្វើអាជីវកម្មនៅហ្វីលីពីនមិនបានកាត់បន្ថយតម្រូវការជួលធ្ងន់ធ្ងរពេកនោះទេ ហើយថែមទាំងអាចផ្តល់ឱ្យពួកគេនូវភាពបត់បែន និងជម្រើសកាន់តែច្រើនក្នុងការបំពេញតម្រូវការទំហំការិយាល័យរបស់ខ្លួន។
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ អត្រាការិយាល័យទំនេរសរុបនៅទីក្រុងម៉ានីល (Metro Manila) បានកើនឡើងដល់អត្រា១៨,៥ភាគរយ បើធៀបនឹងអត្រាចំនួន១៨,៣ភាគរយនៅក្នុងត្រីមាសទី២។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines។
ថ្វីបើមានការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារការិយាល័យយ៉ាងណាក្តី ក៏ក្រុមអ្នកវិភាគនៅតែសង្កេតឃើញមានសូចនាករវិជ្ជមាន និងឱកាសស្វែងរកកំណើន។
តួយ៉ាង អ្នកអភិវឌ្ឍន៍នឹងមានឱកាសបង្កើនការផ្តល់ជូនការិយាល័យរបស់ពួកគេ និងពន្លឿនការស្ថាបនាគម្រោង ដែលមានស្រាប់។ សំខាន់ជាងនេះទៀត តម្រូវការនៅតែបន្តមានភាពធន់។
ផ្ទុយទៅវិញ ការប៉ាន់ស្មានដែលថា តម្រូវការនឹងដាំក្បាលចុះដល់ចំណុចសូន្យ ដែលជាសេណារីយ៉ូដ៏អាក្រក់បំផុត មិនបានកើតឡើងនោះទេ ដោយសារការបន្តកិច្ចព្រមព្រៀងជួលការិយាល័យពីសំណាក់បណ្តាអាជីវកម្មបែបប្រពៃណី និងក្រុមហ៊ុន Outsourcing បានជួយជំរុញប៉ះប៉ូវតម្រូវការ៕ប្រភព: BusinessWorld Online៕