ចិន និង UNIDO រូមគ្នាអភិវឌ្ឍន៍ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មអេឡិកត្រូនិកនៅកម្ពុជា ស្របតាមបដិវដ្តន៍វោស័យឧស្សាហកម្ម  វិទ្យាស្ថានផ្នែកសេដ្ឋកិច្ចនៃប្រទេសចិន សហការជាមួយអង្គការ UNIDO ក្នុងការចូលរួមអភិវឌ្ឍន៍ការធ្វើពាណិជ្ជកម្ម អេឡិចត្រូនិក សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយឈរលើគោលនយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់រដ្ឋចិន។

នាយកវិទ្យាស្ថានផ្នែកសេដ្ឋកិច្ច នៃប្រទេសចិន   លោកស្រី SHEN Kaiyan បា​ន​ថ្លែងឲ្យដឹងនៅក្នុងជំនួបជាមួយ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីម្សិលម៉ិញនេះថា គោលដៅនៃជំនួបពិភាក្សា គឺចង់សិក្សាស្វែងយល់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ពន្ធឧស្សាហកម្មនៅកម្ពុជា ជាពិសេសគឺកិច្ចសហការ ជាមួយអង្គការ UNIDO ក្នុងការចូលរួមអភិវឌ្ឍន៍ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ( E-Commerce Development for SMEs)  ដោយឈរលើគោលនយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់រដ្ឋចិន។

-->

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ នៅមជ្ឈមណ្ឌលអន្តរជាតិ ទីក្រុងវីយេន ប្រទេសអូទ្រីស ដោយបានទទួលសិទ្ធិប្រទានពីរាជរដ្ឋាភិបាលកម្ពុជា លោកផ្ទាល់ និងលោក លី យ៉ុង អគ្គនាយកអង្គការសហប្រជាជាតិ ដើម្បី អភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម សម្រាប់អនុវត្តកម្មវិធីភាពជាដៃគូប្រចាំ ប្រទេស (PCP) ជាមួយកម្ពុជា។

ទាក់ទងនិងស្ថានភាពសេដ្ឋកិច្ច និងរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាវិញ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងពីទំនាក់ ទំនងដ៏ល្អ នៃការដោះដូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ចិន ក្នុងនោះវិស័យឧស្សាហកម្មកាត់ដេរសម្លៀក បំពាក់ និងស្បែកជើង មានការរីកចម្រើន ដោយបានដើរតួក្នុងការទាញចំណូលពីការនាំចេញ និងទីផ្សារការងារផងដែរ។

ដោយឡែក ទាក់ទង និងគោលដៅអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់វិស័យ SME លោក ចម ប្រសិទ្ធ បានចាត់ទុកថា មានសារៈខាន់ណាស់សម្រាប់ការធ្វើជំនួញតាមប្រព័ន្ធ Online ដែលកំពុងមាន ការវិវឌ្ឍន៍ខ្លាំងនៅលើសកលលោក ក្នុងនោះឯកឧត្តមបានបញ្ជាក់ថា៖ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) នៅកម្ពុជា មិនទាន់លេចចេញជារូបរៀងទេ គឺស្ថិតនៅក្នុងសេចក្តីព្រាងច្បាប់នៅឡើយ រីឯវិស័យ SME វិញក៏នៅមានការលំបាកខ្លះដែរ ដូចជាទាក់ទងនិងការចុះបញ្ជី ការកំណត់និយមន័យ និងការរៀបចំគោលនយោបាយ លើកទឹកចិត្តជាដើម ដែលសង្ឃឹមថា ភាគីចិននឹងជួយបានច្រើន នូវចំណុចខ្វះខាតទាំងនេះ៕