សម្តេចធិបតីប្រកាសសាងសង់តូបផ្សារបឹងឈូកក្នុងខេត្ត បាត់ដំបងឡើងវិញ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ដំណោះស្រាយជាច្រើនចំណុច ក្នុងនោះសម្ដេចបានប្រកាស ជួយសាងសង់តូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យអាជីវករ កាន់កាប់តកូនតចៅ ដោយមិនមានបង់ថ្លៃតូបទៀតនោះទេ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តីបានណែនាំ ដល់អាជ្ញា​ធរខេត្តបាត់ដំបងឱ្យរៀបចំ ទីតាំងលក់ដូរជាបណ្ដោះ​អា​សន្នជូន អាជីវករដែលមានតូបឆេះនៅជាន់ខាងលើ ចំណែកតូបនៅជាន់ខាងក្រោម និងផ្នែកខាងក្រោយដែលមិនត្រូវបាន ឆេះអនុញ្ញាតឱ្យអាជីវករ ចូលលក់ដូរឡើងវិញជាធម្មតា។

សម្ដេចនាយករដ្ឋមន្រ្តី បានចាត់ឱ្យនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះពិនិត្យនិងសាងសង់តូបដែល បានឆេះឡើងវិញដោយរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប ដែលរងការខូចខាតដោយសារអគ្គិភ័យ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងការកោតសរសើរ ចំពោះអាជ្ញាធរនិងកងកម្លាំងក្នុងខេត្តបាត់ដំបង ដែលបានប្រឹងប្រែងជួយអន្តរាគមន៍ ពន្លត់ទាន់ពេលវេលាមិនបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះឡើយ។

កាលពីវេលាម៉ោង១០,៣០នាទី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីអគ្គីភ័យបានឆាបឆេះសន្ធោសន្ធៅ រាលដាលយ៉ាងលឿននៅជាន់ខាងលើ នៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ ឌិន និងជាងកាត់ដេរ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូន ប្រជាពលរដ្ឋ និងអាជីវករសម្រុកនាំគ្នាមកជញ្ជូនឥវ៉ាន់ ចេញពីក្នុងផ្សារទាំងយប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here