ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមតួលេខនៃទិន្នន័យថ្មី បានបង្ហាញឱ្យដឹងនៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកានេះថា ជនជាតិចិនបានគ្របដណ្តប់ចំណែកចំនួន៥៦ភាគរយ នៃលំនៅដ្ឋានទាំងអស់ ដែលជាកម្មសិទ្ធិរបស់ជនបរទេស នៅក្នុងប្រទេសកូរ៉េខាងត្បូង។
យោងតាមទិន្នន័យរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ស្តីពីការកាន់កាប់ផ្ទះដោយជនបរទេស បានបង្ហាញថា ជនជាតិចិនមានផ្ទះចំនួន៥២.៧៩៨យូនីត ក្នុងចំណោមផ្ទះសរុបចំនួន៩៥.០៥៨យូនីត ដែលត្រូវបានចុះបញ្ជីក្រោមឈ្មោះជនបរទេស នៅក្នុងប្រទេសកូរ៉េខាងត្បូង គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤។
ចំនួនផ្ទះ ដែលកាន់កាប់ដោយជនជាតិចិន បានកើនឡើងក្នុងរង្វង់៤,៩ភាគរយ បើប្រៀបធៀបនឹងឆមាសទី២ ឆ្នាំ២០២៣។នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយទីភ្នាក់ងារសារពត៌មានកូរ៉េខាងត្បូង Yonhap។
បន្ទាប់ពីជនជាតិចិន ជនជាតិអាមេរិកបានឈរនៅលេខរៀងទី២ ដែលបានកាន់កាប់ផ្ទះ ចំនួន២១.៣៦០យូនីត ឬស្មើនឹង២២,៥ភាគរយ នៃចំនួនផ្ទះសរុបរបស់ជនបរទេស នៅកូរ៉េខាងត្បូង។
រីឯ ជនជាតិកាណាដា តៃវ៉ាន់ និងអូស្ត្រាលីបានឈរនៅលេខរៀងទី៣ ទី៤ និងទី៥បន្តបន្ទាប់គ្នា ដែលមានចំណែកចំនួន៦,៥ភាគរយ ៣,៥ភាគរយ និង២ភាគរយរៀងគ្នា។
លំនៅដ្ឋានភាគច្រើន ដែលជាកម្មសិទ្ធិរបស់ជនបរទេសមានទីតាំង ស្ថិតនៅក្នុងរដ្ឋធានីសេអ៊ូល និងខេត្តជុំវិញរដ្ឋធានីមួយនេះ។ ផ្ទះភាគច្រើនបំផុតរបស់ជនបរទេស មានទីតាំងក្នុងខេត្ត Gyeonggi ដែលមានចំណែក៣៨,៧ភាគរយ នៃចំនួនសរុប តាមពីក្រោយដោយទីក្រុងសេអ៊ូល ដែលមានចំណែក២៤,៣ភាគរយ និងទីក្រុង Incheon ដែលមានចំណែក៩,៩ភាគរយ៕ប្រភព: Yonhap៕