ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការដាក់ពន្ធលើទំនិញនាំចូល ពីបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗ រួមមាន ប្រទេសម៉ិកស៊ិក កាណាដា និងចិន។
តើផែនការពន្ធថ្មីនេះបង្កជាបញ្ហាប្រឈម និងឱកាសអ្វីខ្លះសម្រាប់សេដ្ឋកិច្ចរបស់តំបន់អាស៊ី ?
គោលនយោបាយពន្ធថ្មីនេះ ត្រូវបានគេរំពឹងថា នឹងអនុវត្តន៍ចាប់ពីថ្ងៃដំបូង នៃការឡើងកាន់តំណែង ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ដែលអាចជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចពិភពលោក ជាពិសេសតំបន់អាស៊ី ដែលពឹងផ្អែកលើការនាំចេញទៅកាន់ទីផ្សារអាមេរិក។
ឥទ្ធិពលនៃគោលនយោបាយពន្ធ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ នឹងមិនត្រឹមតែបង្កឱ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដាក់សម្ពាធលើបណ្តាប្រទេស ដែលមានសេដ្ឋកិច្ច ពឹងផ្អែកលើការនាំចេញផងដែរ។
នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិក បានក្លាយជាទីផ្សារនាំចេញធំជាងគេទី២ របស់កូរ៉េខាងត្បូង និងជាទីផ្សារនាំចេញកំពូលរបស់ប្រទេសជប៉ុន។ ជាមួយគ្នានេះ បណ្តាប្រទេសអាស៊ានជាច្រើនដូចជា វៀតណាម ថៃ និងឥណ្ឌូនេស៊ី ក៏បានចាត់ទុកអាមេរិក ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ របស់ពួកគេផងដែរ។
ទោះជាយ៉ាងណាក្តី គោលនយោបាយនេះ ក៏បើកឱកាសសម្រាប់បណ្តាប្រទេសមួយចំនួនក្នុងតំបន់។ តួយ៉ាង តំបន់អាស៊ាន អាចក្លាយជាគោលដៅថ្មី សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់របស់បណ្តាក្រុមហ៊ុននានា ដែលកំពុងធ្វើពិពិធកម្មចេញមកពីចិន។
សហគ្រាសធំៗមួយចំនួន គ្រោងផ្លាស់ប្តូរមូលដ្ឋានផលិតកម្មចេញពីចិន ទៅកាន់បណ្តាប្រទេស ដូចជា វៀតណាម កម្ពុជា និងថៃ។
ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនផលិតស្បែកជើង Steve Madden បានប្រកាសថា ខ្លួននឹងកាត់បន្ថយការផលិតនៅចិនពាក់កណ្តាល និងផ្លាស់ប្តូរទីតាំងផលិត ទៅកាន់បណ្តាប្រទេសអាស៊ាន។
ម្យ៉ាងវិញទៀត គោលនយោបាយពន្ធថ្មីនេះ ក៏បង្កើនសម្ពាធលើសេដ្ឋកិច្ចអាមេរិកផងដែរ។ ជាមួយនឹងអត្រាពន្ធខ្ពស់លើការនាំចូល តម្លៃទំនិញក្នុងស្រុករបស់អាមេរិក ត្រូវបានគេរំពឹងថា នឹងកើនឡើង ឬបង្កជាអតិផរណា។ ការណ៍នេះអាចជះផលប៉ះពាល់ដល់អំណាច នៃការទិញដោយផ្ទាល់នៅក្នុងទីផ្សារអាមេរិក ដោយកាត់បន្ថយតម្រូវការនាំចូលទំនិញពីតំបន់អាស៊ី។
លើសពីនេះ ឱនភាពពាណិជ្ជកម្មរវាងអាមេរិក និងបណ្តាប្រទេសអាស៊ីនៅតែជាបញ្ហាធំ។ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤នេះ សហរដ្ឋអាមេរិក បានជួបប្រទះឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន ម៉ិកស៊ិក និងវៀតណាម។
ក្រុមសេដ្ឋវិទូលើកឡើងថា “គោលនយោបាយពន្ធថ្មីរបស់លោក ត្រាំ អាចក្លាយជា“កាំបិតមុខពីរ”។ ពន្ធទាំងនេះនឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងជំរុញវិស័យផលិតកម្មក្នុងស្រុករបស់អាមេរិក។ ប៉ុន្តែគោលនយោបាយនេះ ក៏អាចធ្វើឱ្យការប្រកួតប្រជែងជាសកលរបស់អាមេរិកថយចុះ និងបង្កជាផលប៉ះពាល់ ដល់ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ៕ប្រភព: CNN៕