វិថី Sukhumvit បន្តជាប់ឈ្មោះជាតំបន់មានតម្លៃអាផាតម៉ិន ថ្លៃជាងគេបំផុតក្នុងទីក្រុងបាងកក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យCBRE បានឱ្យដឹងថា ការផ្គត់ផ្គង់អាផាតម៉ិនសរុបនៅក្នុងទីក្រុងបាងកក របស់ប្រទេសថៃបានធ្លាក់ចុះ ខណៈអត្រាគ្របដណ្តប់ ការប្រើប្រាស់ជាមធ្យមបានកើនឡើង។

ការផ្គត់ផ្គង់អាផាតម៉ិនសរុប បានធ្លាក់ចុះមកនៅត្រឹមចំនួន៩.៦២៦យូនីត ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ថយចុះ០,៩%ធៀបនឹងត្រីមាសទី២ និងថយចុះ០,៦%ធៀបនឹងឆ្នាំមុន។

ក្នុងនោះ វិថី Sukhumvit បានបន្តនាំមុខគេ លើការផ្គត់ផ្គង់ភាគច្រើន ដែលគ្របដណ្តប់ចំណែក៨៣,៩% នៃការផ្គត់ផ្គង់អាផាតម៉ិនសរុប នៅតំបន់កណ្តាលទីក្រុងបាងកក។

អត្រាគ្របដណ្តប់ ការប្រើប្រាស់អាផាតម៉ិន ជាមធ្យមនៅទីក្រុងបាងកក បានកើនឡើង០,៤ភាគរយ ធៀបនឹងត្រីមាសទី២ដល់ចំនួន៩១,៨%។ ក្នុងនោះ អគារអាផាតម៉ិន នៅវិថី Sukhumvit មាន​តម្រូវការ​ខ្ពស់​បំផុត ដោយ​កត់ត្រា​អត្រាគ្របដណ្តប់ការប្រើប្រាស់​ ជា​មធ្យម​ខ្ពស់បំផុត​ចំនួន៩២,២% តាម​ពីក្រោយ​ដោយគ្របដណ្តប់ ការប្រើប្រាស់អាផាតម៉ិនជាមធ្យមនៅវិថី Silom ចំនួន៩០,៨%។

ការ​ជួល​​អាផាតម៉ិន​លំដាប់ A នៅវិថី Sukhumvit មានតម្លៃជាមធ្យមខ្ពស់ជាងគេបំផុត ដែលមាតម្លៃ៥៦៣បាត(ប្រហែល១៦,២១ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

ដោយឡែក តម្លៃជួលអាផាតម៉ិនលំដាប់ A ជាមធ្យមនៅទូទាំងរាជធានីបាងកក មានតម្លៃ៥៥៥បាត ក្នុងមួយម៉ែត្រការ៉េ ដែលឆ្លុះបញ្ចាំងពីការថយចុះ១ភាគរយ បើធៀបនឹងត្រីមាសទី២។

យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងទៀតថា យូនីតអាផាតម៉ិន ដែលមានបន្ទប់គេងចំនួន៣ នៅតែជាប្រភេទយូនីតដែលមានតម្រូវការជួលខ្ពស់បំផុត ដោយគ្របដណ្តប់ប្រតិបត្តិការជួលចំនួន៤៥,៨ភាគរយ នៃប្រតិបត្តិការសរុប។

លើសពីនេះ តម្លៃជួលជាមធ្យមសម្រាប់អាផាតម៉ិន លំដា​ប់A ដែលផ្តល់ជូនសេវាកម្មដូចសណ្ឋាគារ(Serviced Apartment)នៅទីក្រុងបាងកក បានកើនឡើង១,៣% ធៀបនឹងត្រីមាសទី២ដល់ចំនួន១.១៦១បាត (ប្រហែល៣៣,៤៣ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: CBRE ៕

LEAVE A REPLY

Please enter your comment!
Please enter your name here