ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រភពពីខាងរដ្ឋាភិបាលវៀតណាមបានទម្លាយឱ្យដឹងថា ប្រទេសវៀតណាមកំពុងសិក្សារៀនសូត្រពីប្រទេសចិន ដើម្បីអភិវឌ្ឍន៍បណ្តាញផ្លូវដែក ល្បឿនលឿនដំបូងបំផុតរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ប្រទេសវៀតណាម គ្រោងនឹងសាងសង់ប្រព័ន្ធ រថភ្លើងល្បឿនលឿនប្រវែង១.៥៤៥គីឡូម៉ែត្រ ជាមួយនឹងតម្លៃទុនវិនិយោគប្រមាណ៧២ពាន់លានដុល្លារ ឬស្មើនឹងចំនួន១៧% នៃផលទុនជាតិសរុប(GDP) ។
រដ្ឋបាលទីក្រុងហាណូយបានអះអាងថា “ឧស្សាហកម្មផ្លូវដែករបស់ប្រទេសចិន មានការអភិវឌ្ឍន៍ជឿនលឿនបំផុត នៅលើពិភពលោក។ ហេតុនេះ វៀតណាមនឹងរៀនសូត្រពីបទពិសោធន៍របស់ចិន ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យា ការគ្រប់គ្រងហិរញ្ញវត្ថុ និងជំនាញផ្នែកគ្រប់គ្រងផ្លូវដែក”។
គោលបំណងនេះ ត្រូវបានលាតត្រដាងឱ្យដឹង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន ដោយលោកបានជួបពិភាក្សា ការងារជាមួយក្រុមមន្ត្រី និងថ្នាក់ដឹកនាំប្រតិបត្តិរបស់ក្រុមហ៊ុនផ្លូវដែកចិន។
ជាមួយគ្នានេះ ប្រទេសវៀតណាម និងចិនក៏ធ្លាប់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនផងដែរ រួមទាំងផ្លូវដែក ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់ទីក្រុងហាណូយ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។
គិតមកទល់ពេលនេះ ប្រទេសវៀតណាម មានភាពយឺតយ៉ាវខ្លាំង នៅក្នុងការអភិវឌ្ឍន៍ប្រព័ន្ធ ផ្លូវដែកល្បឿនលឿន ទោះបីជាផែនការយុទ្ធសាស្ត្រ ត្រូវបានត្រៀមដាក់ឱ្យអនុវត្តន៍អស់ជាច្រើនឆ្នាំមកហើយយ៉ាងណាក្តី៕ប្រភព: Reuters ៕