ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Panattoni ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌា ជួយសម្រួលដល់ដំណើរការ ទិញយកដីធ្លីនៅក្នុងប្រទេសមួយនេះ ស្របពេលដែលតម្រូវការសាងសង់ឃ្លាំងកើនឡើង។
បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបរទេស និងក្នុងស្រុកកំពុងសាងសង់ឃ្លាំងបន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការស្តុកទុកទំនិញ ដែលកំពុងកើនឡើង។ ប៉ុន្តែ ការទិញយកដី ជាបញ្ហាដ៏លំបាកនៅក្នុងប្រទេសឥណ្ឌា ហើយដំណើរការផ្ទេរមានភាពស្មុគស្មាញ និងត្រូវចំណាយពេលវេលាយូរ។
លោក Robert Dobrzycki នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Panattoni បានលើកឡើងថា “យើងមើលឃើញឱកាសក្នុងការពង្រីកអាជីវកម្ម នៅប្រទេសឥណ្ឌា។ ប៉ុន្តែការទិញដីជាបញ្ហាប្រឈមដ៏ធំបំផុត និងការលំបាកស្វែងរកទិន្នន័យពាក់ព័ន្ធ”។
ក្រុមហ៊ុន Panattoni គ្រោងបោះទុនវិនិយោគចំនួន១០០លានដុល្លារជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល២ឆ្នាំទៅ៣ឆ្នាំខាងមុខ ដោយសង្ឃឹមថា ខ្លួននឹងទិញបានដីធ្លីចំនួន៣កន្លែងទៅ៤កន្លែង នៅក្នុងឆ្នាំ២០២៤នេះ។
ក្រុមហ៊ុនធ្លាប់បានអះអាងថា ខ្លួនបានចំណាយពេលវេលាអស់ចំនួន៨ខែ ទើបអាចបញ្ចប់ការបំពេញបែបបទ ទិញយកដីនៅជិតទីក្រុងញូវដេលី ដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌា។
ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសឥណ្ឌាបានជំរុញឱ្យដីធ្លី មានតម្រូវការខ្ពស់ ហើយការកើនឡើងនៃតម្លៃដី បានជះផលប៉ះពាល់ដល់ ការស្វែងរកផលចំណេញត្រឡប់មកវិញរបស់ក្រុមអ្នកអភិវឌ្ឍន៍៕ប្រភព: NST online៕