ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា តម្លៃផ្ទះនៅប្រទេសចិននឹងធ្លាក់ចុះក្នុងល្បឿនយឺតក្នុងឆ្នាំ២០២៤នេះ និងឆ្នាំក្រោយ ហើយនឹងកើនឡើងវិញនៅឆ្នាំ២០២៦ ខណៈការចាត់វិធានការដើម្បីជំរុញទីផ្សារអចលនទ្រព្យចាប់ផ្តើមទទួលបានផ្លែផ្កា។
ក្រុមអ្នកវិភាគដែលចូលរួមក្នុងការស្ទង់មតិរំពឹងថា តម្លៃផ្ទះនៅប្រទេសចិននឹងធ្លាក់ចុះត្រឹមតែ៦%ប៉ុណ្ណោះក្នុងឆ្នាំ២០២៤ បើប្រៀបធៀបនឹងការព្យាករណ៍ពីមុនថា នឹងធ្លាក់ចុះ៨,៥%។
កាលពីខែតុលា ឆ្នាំ២០២៤នេះ តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងបំផុតមិនធ្លាប់មានក្នុងអត្រាប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥។ ប៉ុន្តែ តួលេខអត្រានៃការធ្លាក់ចុះបានរួមតូចបើធៀបនឹងខែកញ្ញា។
លទ្ធផលនៃការស្ទង់មតិបង្ហាញទៀតថា តម្លៃផ្ទះនៅប្រទេសចិននឹងធ្លាក់ចុះ២ភាគរយ នៅឆ្នាំ២០២៥ និងកើនឡើង១,៦ភាគរយ នៅឆ្នាំ២០២៦ខាងមុខ បើប្រៀបធៀបនឹងការព្យាករណ៍ពីមុនថា នឹងស្ថិតនៅក្នុងសភាពទ្រឹង។
ក្រុមមន្ត្រីបង្កើតគោលនយោបាយចិនបានកែសម្រួលច្បាប់មួយចំនួននៅក្នុងវិស័យអចលនទ្រព្យកាលពីចុងខែកញ្ញា រួមទាំងការកាត់បន្ថយប្រាក់កក់អប្បបរមាមកនៅត្រឹមចំនួន១៥% សម្រាប់ប្រភេទលំនៅដ្ឋានទាំងអស់ និងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ។
លើសពីនេះ ក្រសួងហិរញ្ញវត្ថុចិនបានដាក់ចេញគោលនយោបាយបន្ធូរបន្ថយពន្ធដើម្បីជំរុញតម្រូវការអចលនទ្រព្យនៅក្នុងខែវិច្ឆិកា។ ប៉ុន្តែ វិបត្តិទំនុកចិត្តរបស់អ្នកទិញផ្ទះ និងវិនិយោគិនបានធ្វើឱ្យប្រជាជនចិនប្រកាន់ជំហរប្រុងប្រយ័ត្នខ្ពស់។
លោក Gao Yuhong អ្នកគ្រប់គ្រងមួយរូបនៅក្រុមហ៊ុន CSCI Pengyuan Credit Rating បានលើកឡើងថា “ការធ្លាក់ចុះនៃតម្លៃផ្ទះនៅក្នុងទីផ្សារអចលនទ្រព្យចិនបច្ចុប្បន្នបានរងឥទ្ធិពលជាចម្បងពីការផ្គត់ផ្គង់លើសតម្រូវការ និងការរំពឹងទុកនៃការទិញផ្ទះ”។
ដោយឡែក លោក Wang Xingping អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Fitch Bohua បានអះអាងថា “ចាប់តាំងពីចុងខែកញ្ញាមក ឥទ្ធិពលរួមនៃគោលនយោបាយរូបិយវត្ថុ សារពើពន្ធ និងវិធានការផ្សេងទៀតបាននាំឱ្យមានការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៃការលក់លំនៅដ្ឋាននៅប្រទេសចិនក្នុងខែតុលា ដែលការណ៍នេះបង្ហាញពីនិន្នាការវិជ្ជមានឆ្ពោះទៅរកស្ថិរភាព”៕ប្រភព: CNBC៕