ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកជំនាញបានលើកឡើងថា ទំនុកចិត្តលើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនមានភាពប្រសើរឡើង ខណៈពេលថ្មីៗនេះ ដីមួយកន្លែងស្ថិតនៅទីក្រុងសុិនជិន (Shenzhen) ត្រូវបានលក់ដាច់ក្នុងតម្លៃខ្ពស់កប់ពពក។
ក្រុមហ៊ុនអភិវឌ្ឍន៍ China Overseas Land and Investment និងក្រុមហ៊ុន China Resources Land បានបោះទុនរួមគ្នាចំនួន១៨,៥ពាន់លានយ័ន(ប្រហែល២,៥៤ពាន់លានដុល្លារ) ដើម្បីទិញក្បាលដីទំហំ២៦៣.០០០ម៉ែត្រការ៉េនៅក្នុងសង្កាត់ Nanshan នៃទីក្រុងសុិនជិន។
តួលេខទឹកប្រាក់ចំនួន១៨,៥ពាន់លានយ័ននេះមានការកើនឡើង៤៦ភាគរយ បើប្រៀបធៀបនឹងតម្លៃនៅពេលចាប់ផ្តើមការដេញថ្លៃ។ ដីនេះត្រូវបានលក់ដាច់ បន្ទាប់ពីឆ្លងកាត់ការដេញថ្លៃចំនួនជិត៣០០ជុំ។
យោងតាមទិន្នន័យពីទីភ្នាក់ងារអចលនទ្រព្យ Centaline Property បានឱ្យដឹងថា នេះជាការលក់ដីដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តរបស់ទីក្រុងសុិនជិន ដោយវ៉ាដាច់កំណត់ត្រានៃការលក់ដីលំនៅដ្ឋានតម្លៃ១៤ពាន់លានយ័នកាលពីឆ្នាំ២០១៦។
ដី ដែលក្រុមហ៊ុនអភិវឌ្ឍន៍ទាំង២ខាងលើបានទិញ មានទីតាំងនៅជិតតំបន់ពាណិជ្ជកម្ម ដែលសម្បូរទៅដោយអគារការិយាល័យរបស់បណ្តាក្រុមហ៊ុនយក្សចិនដូចជាក្រុមហ៊ុន Alibaba Group Holding ក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន Lenovo ។
យោងតាមសេចក្តីជូនដំណឹងផ្លូវការមួយបានឱ្យដឹងថា ក្រុមហ៊ុនឈ្នះការដេញថ្លៃគ្រោងនឹងសាងសង់អគារពាណិជ្ជកម្ម អគារស្នាក់នៅ និងអាផាតមុិននៅលើផ្ទៃដីទំហំ២៦៣.០០០ម៉ែត្រការ៉េនេះ។
លោកស្រី Sun Hongmei អ្នកវិភាគនៃស្ថាប័ន China Index Academy បានលើកឡើងថា “ទីតាំងដីនេះមិនជាប់ការរឹតបន្តឹង ដែលកំណត់តម្លៃនៃគម្រោងលំនៅដ្ឋាន ដែលត្រូវសាងសង់លើដីនេះនោះទេ ដោយបង្ហាញពីការផ្លាស់ប្តូរទៅរកការកំណត់តម្លៃផ្អែកលើទីផ្សារសម្រាប់ទីក្រុងសុិនជិន”។
លោកស្រីជឿជាក់ថា ការណ៍នេះនឹងធ្វើឱ្យតម្លៃលំនៅដ្ឋានមានស្ថិរភាព និងជំរុញឱ្យទស្សនវិស័យទីផ្សារមានសញ្ញាវិជ្ជមាន។
ដីនេះត្រូវបានទិញក្នុងតម្លៃខ្ពស់បំផុតជាលើកដំបូង បន្ទាប់ពីប្រទេសចិនបានបង្ហាញវិធានការបន្ធូរបន្ថយសម្រាប់ទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងខ្នាតធំទាំង៤របស់ខ្លួន រួមមាន ទីក្រុងប៉េកាំង ទីក្រុងសុិនជិន ទីក្រុងសៀងហៃ និងទីក្រុងក្វាងចូវ៕ប្រភព: SCMP៕