ដោយ: គង់ លាងហួរ
អន្តរជាតិ: ការស្ទង់មតិបានបង្ហាញថា តំបន់ពាណិជ្ជកម្មកណ្តាល Makati (CBD) ក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន នៅតែជាទីតាំងពេញនិយមបំផុតសម្រាប់អ្នកជួលការិយាល័យ ដែលគ្រោងផ្លាស់ប្តូរ ឬពង្រីកទីតាំងធ្វើការ។
ក្រុមហ៊ុនស្រាវជ្រាវប្រឹក្សាអចលនទ្រព្យ Colliers Philippines បានអះអាងថា តំបន់ពាណិជ្ជកម្មកណ្តាលជាជម្រើសទីតាំងរបស់អ្នកឆ្លើយសំណួរចំនួន៣៧ភាគរយ ដែលកំពុងរៀបចំផែនការផ្លាស់ប្តូរទីតាំង ឬពង្រីកប្រតិបត្តិការរបស់ពួកគេ។
ការស្ទង់មតិរបស់ក្រុមហ៊ុន Colliers បានរកឃើញថា “តំបន់មជ្ឈមណ្ឌលធុរកិច្ចមួយនេះនៅតែបន្តទាក់ទាញបណ្តាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ ក៏ដូចជាក្រុមហ៊ុន Outsourcing ធំៗ”។
រីឯ តំបន់ Bonifacio Global City (BGC) ជាជម្រើសដ៏ពេញនិយមបំផុតទី២ សម្រាប់ការផ្លាស់ប្តូរទីតាំង ឬការពង្រីកទីតាំងការិយាល័យក្នុងទីក្រុងម៉ានីល ខណៈអ្នកចូលរួមការស្ទង់មតិចំនួន២៥ភាគរយបានសម្តែងការពេញចិត្តចំពោះតំបន់នេះ។
យោងតាមទិន្នន័យពីស្ថាប័ន Colliers បានបង្ហាញថា ចំនួន៣៤ភាគរយនៃប្រតិបត្តិការជួលការិយាល័យក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ ត្រូវបានជំរុញដោយការផ្លាស់ប្តូរទីតាំងការិយាល័យរបស់បណ្តាក្រុមហ៊ុននានា។
ក្រុមហ៊ុន Colliers ក៏បន្តសង្កេតឃើញមានតម្រូវការមកពីផ្នែកផ្សេងៗទៀតផងដែរ។ តួយ៉ាង ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានកត់ត្រាការជួលពីភ្នាក់ងាររដ្ឋាភិបាល ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន(IT)៕ប្រភព: Philstar៕