ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសម្រេចរបស់រដ្ឋបាលទីក្រុងហុងកុងក្នុងការអនុញ្ញាតឱ្យបណ្តាវិនិយោគិនបរទេសអាចទិញលំនៅដ្ឋាន តាមរយៈការបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់លើសពី៥០លានដុល្លារ ត្រូវបានគេរំពឹងថា នឹងជួយជំរុញទីផ្សារការិយាល័យ ដែលកំពុងជួបប្រទះការលំបាករបស់ទីក្រុងហុងកុង។
លោក Thomas Chak ប្រធានទទួលបន្ទុកផ្នែកទីផ្សារមូលធន និងសេវាកម្មវិនិយោគនៅក្រុមហ៊ុន Colliers Hong Kong បានលើកឡើងថា គោលនយោបាយនេះអាចជំរុញវិនិយោគិនទូទាំងពិភពលោកឱ្យពង្រីកការិយាល័យរបស់ពួកគេនៅក្នុងទីក្រុងហុងកុង ដោយជំរុញឱ្យមានតម្រូវការការិយាល័យ ក៏ដូចជាកន្លែងស្នាក់នៅផងដែរ។
លោកបានថ្លែងប្រាប់កាសែត Hong Kong Business ថា “គោលនយោបាយនេះពិតជាអាចធ្វើឱ្យទីក្រុងហុងកុងកាន់តែទទួលបានការចាប់អារម្មណ៍ ជាពិសេសក្នុងវិស័យគ្រប់គ្រងទ្រព្យសកម្ម”។
លោកបន្តថា “ស្របពេលដែលសកម្មភាពនៃការច្របាច់បញ្ចូលគ្នា និងការទិញយក(M&A) និងលំហូរសាច់ប្រាក់មានការកើនឡើង នោះយើងនឹងសង្កេតឃើញការជួលការិយាល័យសម្រាប់ក្រុមអ្នកជំនាញដូចជា ធនាគារិក គណនេយ្យករ មេធាវី និងអ្នកស្ទង់មតិ”។
លោកបានបន្ថែមថា “ការណ៍នេះនឹងទាក់ទាញធនធានមនុស្សមានទេពកោសល្យកាន់តែច្រើនទៅកាន់ទីក្រុងហុងកុងក្នុងរយៈពេលវែង ដែលធ្វើឱ្យទីក្រុងនេះកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគទូទាំងពិភពលោកក្នុងការបង្កើត និងពង្រីកការិយាល័យរបស់ពួកគេនៅទីក្រុងនេះ”។
ដោយឡែក លោក Antonio Wu អ្នកជំនាញនៅក្រុមហ៊ុន Knight Frank បានអះអាងថា គោលនយោបាយនេះនឹងទាក់ទាញការិយាល័យគ្រួសារ(family offices)បន្ថែមទៀតទៅកាន់ទីក្រុងហុងកុង ដែលអាចជំរុញតម្រូវការក្នុងទីផ្សារការិយាល័យ។
លោកបានបន្ថែមថា “ប្រសិនបើបុគ្គល ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬបណ្តាពាណិជ្ជករធំៗហូរចូលទៅកាន់ទីក្រុងហុងកុង ពួកគេនឹងបើកការិយាល័យគ្រួសារនៅទីនោះដើម្បីគ្រប់គ្រងការវិនិយោគ ព្រោះតំបន់រដ្ឋបាលពិសេសហុងកុងជាច្រកចេញចូលដ៏សំខាន់មួយនៅទ្វីបអាស៊ី”៕ប្រភព: Real Estate Asia៕